ដោយៈសុខុម
ប៉េកាំង: រដ្ឋាភិបាលក្រុងប៉េកាំង បានសាងសង់ស្ពានដ៏ធំមួយប្រវែងរហូតដល់ទៅ១៦គីឡូម៉ែត្រពីចិនដីគោក ឆ្ពោះទៅកោះតូចមួយឈ្មោះ Pingtan ដែលស្ថិតនៅច្រកសមុទ្រតៃវ៉ាន់ ឬ Taiwan Strait។ ស្ពាននេះត្រូវបានសាងសង់បញ្ចប់ ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែគម្រោងនេះមិនទាន់បញ្ចប់ត្រឹមនោះឡើយ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនៃសមាជជាតិរបស់ប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង បានអនុម័តផែនការសាងសង់ស្ពានពីកោះ Pingtan បន្តទៀត ដើម្បីភ្ជាប់ជាមួយកោះតៃវ៉ាន់។ ទោះជាយ៉ាងណាភាគីតៃវ៉ាន់ មិនបានផ្តល់ការយល់ព្រមលើគម្រោងនេះឡើយ។
ប្រទេសចិនបានអះអាងថា គម្រោងសាងសង់ស្ពានប្រវែង១៣០គីឡូម៉ែត្រខាងលើនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០៣៥។ ទន្ទឹមនេះផ្លូវរូងក្រោមច្រកសមុទ្រតៃវ៉ាន់ Taiwan Strait Tunnel Project ដែលតភ្ជាប់ក្រុងប៉េកាំង (ចិនដីគោក) និងក្រុងតៃប៉ិ(តៃវ៉ាន់) ដោយផ្លូវរថភ្លើងល្បឿនលឿន ឬមធ្យោបាយផ្សេងៗទៀត ក៏ត្រូវបានស្នើឡើ ងក្នុងពេលជាមួយគ្នានោះផងដែរ ។នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសចិន នៅក្នុងការបង្រួបបង្រួមទឹកដីឡើងវិញ។
ពីរសប្តាហ៍បន្ទាប់ពីសមាជនោះ ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានធ្វើទស្សនកិច្ច ចុះពិនិត្យមើលស្ថានភាពនៅតំបន់នោះ ហើយបានចេញបញ្ជាឱ្យអាជ្ញាធរខេត្តហ្វូជៀន (Fujian) បន្តបោះជំហានឆ្ពោះទៅរក “ការបង្រួបបង្រួមទឹកដី” ជាមួយកោះតៃវ៉ាន់។
លោកស៊ី បានលើកឡើងថា “ពេលនេះកោះ Pingtan កំពុងប្រឈមនឹងឱកាសដ៏ល្អ ដែល១សហស្សវត្សរ៍ (១.០០០ឆ្នាំ) មានតែម្ដង។ យើងត្រូវតែបោះជំហានយ៉ាងធំ ឆ្ពោះទៅរកការធ្វើសមាហរណកម្មប្រទេសចិន និងកោះតៃវ៉ាន់”។
ច្រកសមុទ្រតៃវ៉ាន់ ឬ Taiwan Strait ត្រូវបានគេទទួលស្គាល់ថាជា “កន្លែងដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក” មួយភាគធំគឺដោយសារជម្លោះភូមិសាស្ត្រនយោបាយ។
យោធាអាមេរិកជឿជាក់ថា ប្រទេសចិនអាចនឹងប្រើកម្លាំងប្រដាប់អាវុធដើម្បីឈ្លានពានចូលកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ដែលជាចុងបញ្ចប់នៃការកាន់អំណាចអាណត្តិទី៣ របស់លោកស៊ី ជីនភីង៕ Nikkei Asia៕