ដោយៈសុខុម
បាងកក: ក្រុមហ៊ុនលក់រាយដ៏ធំរបស់ថៃ Central Retail Corporation Plc (CRC) បានប្រកាសកាលពីថ្ងៃអង្គារ ទី៨ កុម្ភៈ ថា ខ្លួនគ្រោងនឹងបោះទុន វិនិយោគ ៣,០៤០លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន។
ក្រុមហ៊ុននេះក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា ខ្លួនមានបំណងបង្កើនប្រាក់ចំណូល និងមូលធនប័ត្រទីផ្សារ (Market Capitalization) ឱ្យបាន ២,៥ដងក្នុងរយៈពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះ។
លោក Yol Phokasub យកប្រតិបត្តិក្រុមហ៊ុននេះលើកឡើងថា យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ របស់ក្រុមហ៊ុនរួមមានទាំងការពង្រីក Platform ទិញទំនិញតាមអនឡាញរបស់ខ្លួនផងដែរ ដើម្បីជំរុញខ្សែសង្វាក់ចំណីអាហារ សម្លៀកបំពាក់ និងអាជីវកម្មផ្សេងៗទៀតរបស់ខ្លួន។
លោកបានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញថា មួយភាគធំនៃការវិនិយោគនេះ នឹងត្រូវបានប្រើសម្រាប់ការពង្រីក និងជួសជុលកែលម្អហាង ហើយដល់ប៉ុន្មានទុកចំណាយទៅលើបច្ចេកវិទ្យា។
ក្នុងរយៈពេល៩ខែដល់ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូល១២៦,៨ពាន់លានបាត (៤,១៦០លានដុល្លារអាមេរិក) ព្រមទាំងចំណូល មិនទាន់កាត់ពន្ធ១២ពាន់លានបាត (៣៦៥លានដុល្លារអាមេរិក) ផងដែរ។
ប្រមាណ៧២ភាគរយ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ រកបាននៅក្នុងប្រទេសថៃ ហើយសល់ប៉ុន្មានរកបាននៅវៀតណាម និងប្រទេសអ៊ីតាលី។
កាលពីខែធ្នូ ចុងឆ្នាំ២០២១ Central Group ដែលជាក្រុមហ៊ុនមេរបស់ Central Retail និងដែលគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋី Chirathivat បានទិញយកហាងលក់ទំនិញប្រណីត Selfridges របស់អង់គ្លេស ជាមួយក្រុមហ៊ុនអចលនទ្រព្យអូទ្រីស Signa Group ក្នុងតម្លៃ៥ពាន់លានដុល្លារអាមេរិក។
*តើអ្វីទៅជាមូលធនប័ត្រទីផ្សារ (Market Capitalization)?
មូលធនប័ត្រទីផ្សារ សំដៅទៅលើតម្លៃទីផ្សារ ជាទឹកប្រាក់សរុបជាដុល្លារ នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនមួយ។ វាត្រូវបានគណនាដោយយកចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុនមួយ គុណនឹងតម្លៃភាគហ៊ុននៃទីផ្សារបច្ចុប្បន្ន។
ឧទាហរណ៍ ក្រុមហ៊ុនមួយមាន១០លានភាគហ៊ុន ហើយលក់ភាគហ៊ុនមួយក្នុងតម្លៃ១០០ដុល្លារក្នុងមួយហ៊ុន នោះមូលធនប័ត្រទីផ្សារនៃក្រុមហ៊ុននោះគឺ១ពាន់លានដុល្លារ៕ Bangkok Post៕