កម្ពុជាមានបណ្តាញខ្សែកាបអុបទិកភ្ជាប់ទៅកាន់ប្រទេសច្រើនជាង១៨មានប្រវែង៤៦ពាន់គីឡូម៉ែត្រ

0

ដោយៈ សុធារី

ភ្នំពេញៈ បើតាមឯកសារគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានបណ្តាញខ្សែកាបអុបទិកប្រមាណ៤៦ពាន់គីឡូម៉ែត្រ និងបណ្តាញខ្សែកាបអុបទិកក្រោមសមុទ្រមានចំនួន២។

ក្នុងចំណោមខ្សែកាបអុបប្រវែ ងប្រមាណ៤៦ពាន់គីឡូម៉ែត្រនេះ ខ្សែកាបអុបទិកក្រោមសមុទ្រទី១ តភ្ជាប់កម្ពុជាទៅប្រទេសថៃ និងម៉ាឡេស៊ី (Malaysia Cambodia Thailand MCT) និងខ្សែទី២ តភ្ជាប់កម្ពុជា ទៅប្រទេសចំនួន១៨ ក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប (Asia Africa Europe MCT AAE-1)។

តាមរបាលការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ទោះយ៉ាងណាក្តី រចនាសម្ព័ន្ធទូរគមនាគមន៍នេះ មិនទាន់គ្រប់ដណ្តប់នៅទូទាំងប្រទេសនៅឡើយ ខណៈបណ្តាញទូរសព្ទចល័តជំនាន់ទី៤ (4G) កំពុងផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណ៨០%ប៉ុណ្ណោះ។

នៅក្នុងឆ្នាំ២០២១ កន្លងមកមានអ្នកចុះឈ្មោះប្រើប្រាស់ សេវាអ៊ិនធឺណិតប្រមាណ១៧,៦៥លាន ខណៈការតភ្ជាប់អ៊ីនធឺណិតតាមឧបករណ៍ចល័តមានចំនួន១៧,៣៥លានលេខ ស្មើនឹង១០៥,៦០% នេះ ។

ចំណែកក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតចល័ត មានចំនួន៥ក្រុមហ៊ុន និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតអចល័តមានចំនួន៣៥ ក្នុងនោះការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត2G មានចំនួន៩២,៣% នៃប្រជាជនសរុបការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 3G មាន៨៥,២% និងការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 4G មានចំនួន៨២,៥%។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល សេវាសាធារណៈចំនួន ៣ ៥០៨ ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងនោះការដាក់ពាក្យសុំដោយផ្ទាល់ពីការិយាល័យច្រកចេញចូលតែមួយ ស្មើនឹង៧៧,៥៤% សេវាទាញយកពាក្យសុំតាមអនឡាញ តែត្រូវដាក់ពាក្យសុំដោយផ្ទាល់ស្មើនឹង១០,៦០% និងសេវាដាក់ពាក្យសុំ តាមអនឡាញស្មើនឹង១១,៨៦%។

ប្រព័ន្ធព័ត៌មាន ឌីជីថលរបស់រាជរដ្ឋាភិបាល កំពុងដំណើរការមានចំនួនសរុប១៨២ ក្នុងនោះ មានសេវាសាធារណៈពីរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋ(G4C)ចំនួន ៣០,៨% ពីរដ្ឋាភិបាលទៅធុរកិច្ច(G2B)ចំនួន៩,៥% និងពីរដ្ឋាភិបាលទៅរដ្ឋាភិបាល(G2G)ចំនួន៥៩,៨%។

រដ្ឋាភិបាលមានយុទ្ធសាស្រ្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរសព្ទចល័ត និងអ៊ីនធឺណិតល្បឿនលឿន តាមរយៈការពង្រឹងគុណភាព និងការពង្រីកវិសាលភាពគ្របដណ្តប់ សេវាទូរសព្ទចល័តជំនាន់ទី៤(4G) ដើម្បីឈោងទៅចាប់យកសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ព្រមទាំងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក ក្រោមបាតសមុទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ល្បឿនលឿនដល់គ្រប់ឃុំសង្កាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here