ដោយៈជេស៊ីកា
ភ្នំពេញៈ គំរោងសិក្សាស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ ស្វាយជ្រុំបានបញ្ចប់ការសិក្សារួចហើយ។ នេះបើតាមការប្រកាសឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោកបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេ ពីរាជធានីភ្នំពេញ-ស្វាយជ្រុំ បានសិក្សាចប់សព្វគ្រប់ហើយ ដោយក្រសួងកំពុងសិក្សាជាមួយកូរ៉េ ដើម្បីជ្រើសរើសប្រភេទស្ពានណាមួយសម្រាប់សាងសង់។
ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនា និងកែលំអរផ្លូវជាតិលេខ៤៨ឡើងវិញកាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េបានមានប្រសាសន៍ថា ក្រុមហ៊ុនកូរ៉េមួយកំពុងសិក្សាស្ពាននេះ ដែលនឹងមានជម្រើសចំនួនពីរ ដោយទី១ជាស្ពានធម្មតា និងទី២ ជាស្ពានយោងដោយខ្សែកាប ដែលស្ពានយោងដោយខ្សែកាប នឹងជាជម្រើសដែលវានឹងក្លាយជាLandmarkថ្មីមួយនៅរាជធានីភ្នំពេញ ដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េ មកទស្សនានៅទីក្រុងភ្នំពេញ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះ ដោយបានសម្តែងអំណរគុណដល់ភាគីកូរ៉េ ដែលនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនេះឡើងនាពេលខាងមុខ៕