ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុនសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បានស្នើសុំបញ្ចប់ការសាងសង់យឺតជាងផែនការ១ឆ្នាំ ដោយសារបញ្ហាដោះស្រាយផលប៉ះពាល់ជុំវិញគម្រោងនេះមិនទាន់រួចរាល់។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី៩ ខែកុម្ភៈ។
បើតាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែក្រោយការពន្យារ១ឆ្នាំនេះ គម្រោងអាចនឹងបញ្ចប់ក្នុងអំឡុងខែកញ្ញា ២០២៣។
លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា “ក្រុមហ៊ុនសាងសង់បានស្នើសុំឱ្យពន្យារពេលសាងសង់១ឆ្នាំ ដោយសារការយឺតយ៉ាវក្នុងការដោះស្រាយផលប៉ះពាល់។ តាមលក្ខណៈបច្ចេកទេស យើងត្រូវតែអនុញ្ញាតពន្យាពេលនេះ”។
យោងតាមរបាយការណ៍សមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនប្រចាំឆ្នាំ២០២១ ចុះផ្សាយក្នុងខែមករា ឆ្នាំ២០២២ កន្លងមកបានឱ្យដឹងថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣ ក្រោមកញ្ចប់ថវិកាជិត៣០០លានដុល្លារ ដែលមានប្រវែង៤៧,៦១គីឡូម៉ែត្រ សម្រេចបានចំនួន៦៦ភាគរយ៕