តំបន់ជ្រោយចង្វារតាមបណ្តោយផ្លូវជាតិលេខ៦អាកំពុងទាក់ទាញការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំង

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្ទាំងប៉ាណូដាក់លើបង្គោលភ្លើងអគ្គិសនី លើដងផ្លូវជាតិលេខ៦អា បានបង្ហាញដូចផ្ការីក ចាប់ពីសង្កាត់បាក់ខែងរហូតដល់សង្កាត់ព្រែកតាសេក ដែលភាគច្រើនជាការផ្សាយពាណិជ្ជកម្មរបស់បុរីធំៗ ដែលបានសំរុកសាងសង់នៅតំបន់នេះ។

ការអភិវឌ្ឍអចលនទ្រព្យ ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសទៅលើលំនៅឋាន ក្នុងប្រទេសក្នុងនោះរាជធានីភ្នំពេញ នៅតែបន្តបញ្ចេញសកម្មភាពយ៉ាងផុសផុស ទោះបីជាកម្ពុជានិងពិភពលោក បានជួបប្រទះនឹងបញ្ហាដោយសារតែកូវីដ១៩ក្ដី ក្នុងនោះតំបន់ជ្រោយចង្វារដែលជាទីក្រុងរណបថ្មីមួយនៅភ្នំពេញ ក៏ឃើញថាកំពុងទាក់ទាញ ការអភិវឌ្ឍលំនៅឋានយ៉ាងផុសផុលផងដែរ។

ជាការកត់សម្គាល់ នៅតំបន់ជ្រោយត្រើយខាងកើតភ្នំពេញ មានក្រុមហ៊ុនក្នុងនិងក្រៅស្រុកជាច្រើនបាន និងកំពុងបណ្ដាក់ទុនវិនិយោគលើលំនៅឋានយ៉ាងសកម្ម ដោយផ្ដោតលើការអភិវឌ្ឍលំនៅឋានបែបប្រណីត និងមានតម្លៃខ្ពស់ ។

អ្នកជំនាញនៃវិស័យនេះ បានមើលឃើញថា តំបន់ជ្រោយចង្វារបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ លំនៅឋានយ៉ាងមានសក្ដានុពល ហើយក៏នឹងបន្តអភិវឌ្ឍន៍បន្តទៀត ក្រោយស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពវិបត្តិជំងឺកូវីដ១៩បានធូរស្រាល ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិលបានមានប្រ​សាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០ កុម្ភៈនេះថា តំបន់នេះជាតំបន់ដែលមានសក្ដានុពលមួ យក្នុងការអភិវឌ្ឍអចលនទ្រព្យ ដោយសារកត្តាមួយចំនួន ក្នុងនោះ ដូចជាគម្រោងវិនិយោគធំៗរបស់រដ្ឋ បានលេចរូបរាងជាបន្តបន្ទាប់នៅតំបន់ប៉ែកខាងជើង ស្ថានភាពអភិវឌ្ឍន៍ឯកជននៅតំបន់នោះ ក៏កាន់តែច្រើន ។

ដោយឡែកលោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រប្យAdvance ក៏បានបង្ហាញថា តំបន់ផ្លូវជាតិលេខ៦ និងលេខ១ ត្រូវបានចាត់ទុកជាតំបន់អភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល ដោយយើងឃើញក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗជាច្រើន ក៏បានចូលទៅកាន់តំបន់ផ្លូវជាតិលេខ៦និងលេខ១ដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួនផងដែរ ។

ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានធំមួយ បុរីណាឌី នៅតំបន់ជ្រោយចង្វារក៏បានលើកឡើងថា អ្វីដែលខ្លួនជ្រើសរើសយកទីតាំង ជ្រោយចង្វារជាការអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែក្នុងតំបន់នេះ មានគម្រោងលំនៅឋានធំៗច្រើន ដែលធ្វើឱ្យអ្នកដែលស្វែងរកលំនៅឋាន នឹងមកកាន់តំបន់ជ្រោយចង្វារ ហើយនៅក្នុងតំបន់នេះក៏មានទីក្រុងរណបធំៗ មានគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតក្នុងតំបន់ជ្រោយចង្វារ។

ក្នុងតំបន់នេះដែរ ក៏ឃើញមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភ្នំពេញ និងក្នុងតំបន់យ៉ាងច្រើនបន្ថែមទៀត ដើម្បីសម្រួលការអភិវឌ្ឍរបស់ក្រុមហ៊ុនធំៗក្នុងនោះ មានស្ពានឆ្លងទន្លេ នៅម្ដុំឬស្សីកែវ ស្ពានអាកាសដែលរដ្ឋាភិបាល ទើបតែប្រកាសបើកការដ្ឋាន និងផ្លូវខ្វាត់ខ្វែងក្នុងតំបន់ជ្រោយចង្វារជាច្រើនបន្ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here