ដោយៈ ម៉ាលីស
បាត់ដំបងៈ លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពីធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
គម្រោងនេះ គ្រោងចំណាយថវិកាចំនួន ជិត៣០លានដុល្លារអាមេរិក និងគ្រោងការសាងសង់រួចរាល់នៅឆ្នាំ២០២៤ ហើយគម្រោងនេះស្ថិតក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឈន៍អាស៊ី(ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងជំនួយឥតសំណងពីសហគមអឺរ៉ុបផងដែរ។
លោកសុខ លូ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានថា ដោយសារការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារ លំនៅស្ថាន ព្រមទាំងកំណើនប្រជាជន ដែលរស់នៅក្នុងក្រុងបាត់ដំបងក៏ដូចជាប៉ែកខាងលិចស្ទឹង មានការកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យបញ្ហាចោទឡើង ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ សំណល់ ដែលជាកង្វល់ដ៏ធំមួយ ទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយទាន់ពេលវេលានិងចំគោលដៅ ។
លោកបន្តថា ដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហានេះក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដាក់ចេញផែនការសកម្មភាព ក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានាក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តកម្ម ទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។
លោកបានបន្ថែមទៀតថា សព្វថ្ងៃខេត្តបាត់ដំបង មានគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ នៅផ្នែកខាងកើតស្ទឹងមួយ និងផ្នែកខាងលិចស្ទឹងនេះមួយថែមទៀតផងដែរ៕