អាមេរិកកំពុងជាប់ផុងក្នុងអតិផរណាខ្ពស់ ធ្វើឲ្យតម្លៃទំនិញប្រើប្រាស់ហក់ឡើងលឿនបំផុតក្នុងពេល៤០ឆ្នាំមកនេះ

0

ដោយៈសុខុម

ញូវយ៉ក: តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក បានហក់ឡើងខ្ពស់ លើសពីការរំពឹងទុកកាលពីខែមករា ដើមឆ្នាំ២០២២ ដោយធ្វើឱ្យអតិផរណាប្រចាំឆ្នាំកើនឡើងរហូតដល់៧,៥% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨២មក។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃសុក្រ ទី១១ កុម្ភៈ នេះឱ្យដឹងថា ទំនិញដែលឡើងថ្លៃជាងគេរួមមានចំណីអាហារ និងថាមពល។ ការឡើងថ្លៃទំនិញប្រើប្រាស់ទាំងនេះ កំពុងធ្វើឱ្យពលរដ្ឋអាមេរិកជួបវិបត្តិហិរញ្ញវត្ថុគ្រួសារកាន់តែធ្ងន់ ខណៈប្រាក់ឈ្នួលឡើងយឺត មិនទាន់ការឡើងថ្លៃទំនិញ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ឱ្យដោះស្រាយបញ្ហានេះ ដោយធនាគារកណ្តាលអាមេរិក (Federal Reserve) រំពឹងថានឹងដំឡើងអត្រាការប្រាក់ដើម្បីទប់ស្ថានការណ៍។

ដោយឡែកធនាគារកណ្តាលអង់គ្លេស (Bank of England) បានដំឡើងអត្រាការប្រាក់២ដងរួចមកហើយ ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្នុងគោលបំណង កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ តាមរយៈការធ្វើឱ្យការខ្ចីប្រាក់កាន់តែថ្លៃ។

នៅសហរដ្ឋអាមេរិក ការចំណាយរបស់អ្នកប្រើប្រាស់ នៅតែខ្ពស់កាលពីឆ្នាំមុន ទោះបីជាថ្លៃទំនិញហក់ឡើង យ៉ាងឆាប់រហ័សយ៉ាងណាក្ដី ដែលអ្នកវិភាគលើកឡើងថា ដោយសារការកើនឡើងតម្រូវការ ការចំណាយរបស់រដ្ឋាភិបាល ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការឡើងប្រាក់បៀវត្សរ៍ បន្ទាប់ពីកង្វះកម្លាំងពលកម្ម។

ក្រុមហ៊ុន Amazon ក្រុមហ៊ុនNetflix និងក្រុមហ៊ុន Procter & Gamble ព្រមទាំងក្រុមហ៊ុនជាច្រើន បានប្រកាសដំឡើងថ្លៃទំនិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយលើកឡើងថា ពួកគេគ្មានជម្រើសផ្សេងក្រៅពីដំឡើងថ្លៃឡើយ ដោយសារអ្វីៗសុទ្ធតែឡើងថ្លៃ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here