ដោយៈវឌ្ឈនៈ
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េ កាលពីថ្ងៃម្សិលម៉ិញ បានស្នើសមភាគីកូរ៉េ ជួយផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ពីភ្នំពេញទៅកាន់តំបន់ស្វាយជ្រុំ។
ក្នុងជំនួបជាមួយ លោក Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ បានស្នើសុំឱ្យកូរ៉េផ្ដល់នូវជំនួយឥត សំណង និងកម្ចីសម្បទាន ជាពិសេសក្នុងការធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ ដោយសម្ដេចចាត់ទុកស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
កាលពីដើមសប្តាហ៍នេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា គំរោងស្ពានឆ្លងពីតំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំបានបញ្ចប់ការសិក្សា ១០០ភាគរយហើយ ដោយភាគីទាំងពីររង់ចាំជម្រើសស្ពាន ដែលនឹងត្រូវសាងសង់នាពេលខាងមុខ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកូរ៉េមួយបានសិក្សាពីការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលស្ពាននេះមានជម្រើសមួយចំនួន ប៉ុន្តែទម្រង់ស្ពាន នឹងត្រូវសាងសង់ជាស្ពានយោងដោយខ្សែកាប ដែលនឹងជា Landmark ថ្មីមួយនៅរាជធានីភ្នំពេញ និងជានិម្មិតរូបនៃចំណងមិត្តភាពកូរ៉េកម្ពុជា។
លោកបានបន្តថា “ស្ពាននេះនឹងជួយលើកសម្រស់ក្រុងភ្នំពេញ និងចូលរួមទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េ មកទស្សនាកម្ពុជាផងដែរ”៕