ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការទទួលបាន ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នាពេលនេះ មិនមែនបានមកដោយសារតែសម្តេចតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ។

-->
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងអំឡុងពេលថ្លែងសុន្ទរកថា ក្នុងឱកាសទទួលពានរង្វាន់ “សន្តិភាពស៊ុនហាក់” ដែលត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “សម្រាប់ខ្ញុំ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា”។

ទី១ សម្តេចសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។
ទី២ ក្រុមគ្រួសាររបស់សម្តេច ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសរបស់ខ្ញុំ។

ទី៣ មេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាង និងលើកកម្ពស់សន្តិភាព។
ទី៤ បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្តល់ជំនួយនៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិ ដែលតែងតែបានគាំទ្រ និងសាទរចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។

សម្តេចបានបន្តថា “សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ”៕