ដោយៈម៉ាលីស
ខេត្តកណ្តាលៈ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន នៅស្រុកខ្សាច់កណ្តាល ជាយរាជធានីភ្នំពេញ។
ហេដ្ឋារចនាសម្ព័ន្ឋដែលបានដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមាន សួនច្បារ និងផ្លូវបេតុងអាមេ ប្រវែង២៤០០ម៉ែត្រ ព្រមទាំងពិធីបើកការ ដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៨ កំណាត់ផ្លូវជាតិលេខ៧០B, ផ្លូវខេត្តលេខ ៣៨១A ភ្ជាប់ពីផ្លូវជាតិលេខ៧០B ទៅផ្លូវជាតិលេខ៨ ដាក់លូដោះទឹក ដាក់រ៉ឺហ្គា រៀបខឿនចិញ្ចើមផ្លូវ និងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីម្សិលមិញនេះ។
ក្នុងពិធីនេះបាន សម្ពោធដាក់ឱ្យដំណើការជាផ្លូវការ នូវសួនច្បារទំហំ ២២០ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ផ្លូវបេតុងអាមេប្រវែង២៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ និងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ៨ ប្រវែង៣៨៦០ម៉ែត្រ ដោយមានអ៊ុតកៅស៊ូ AC កំណាត់ផ្លូវជាតិលេខ ៧០B ប្រវែង ២ ០០០ម៉ែត្រ ផ្លូវខេត្តលេខ៣៨១A ភ្ជាប់ពីផ្លូវជាតិលេខ៧០B ទៅផ្លូវជាតិលេខ៨ ប្រវែង ១ ០៩៦ម៉ែត្រ ដាក់លូដោះទឹក ៣ ៨២២ម៉ែត្រ ដាក់រ៉ឺហ្គា១៦២កន្លែង រៀបខឿនបេតុងចិញ្ចើមផ្លូវប្រវែង៤០០០ម៉ែត្រ និងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវតាមផ្លូវប្រវែង២៤៨០ម៉ែត្រ នៅភូមិព្រែកតាមាក់ ភូមិស្វាយអាត់លើ ភូមិស្វាយអាត់កណ្ដាល ភូមិស្វាយអាត់ក្រោម ភូមិបឹងក្រចាប់ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមិទ្ធផលនេះ គឺជាសមិទ្ធផលដ៏ធំធេងបន្ថែមទៀត របស់ខេត្តកណ្ដាល ក្នុងវិស័យបរិស្ថាន និងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ក្នុងការលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ៕