រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាគាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ នៅប្រទេសចិន

0

ដោយ : គង់ សូរិយា
ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្រកាសគាំទ្រគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ របស់ក្រុមហ៊ុនខ្មែរ ហ្វឺស អ៊ិនវេសមិន ហូលឌីងគ្រុប (Khmer First Investment Holding Group) នៅក្នុងទីក្រុងគុនមីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយលោក Kao Yun De នាយកប្រតិបត្តិក្រុមហ៊ុនខ្មែរ ហ្វឺស អ៊ិនវេសមិន និងលោកស្រី លាំង ស៊ាវណាន់ (Lang Xaionan) នាយិកាក្រុមហ៊ុន យូណាន ហ្សាំងឡុង អ៊ិនវេសមិន ខូលអ៊ិលធីឌី លោកប៉ាន សូរស័ក្តិ បានស្នើដល់ភាគីជំនួប ធ្វើការជាមួយរដ្ឋបាលខេត្តយូណាន ដើម្បីស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្មចិន នៅក្នុងទីក្រុងប៉េកាំងជាមុនសិន ហើយក្រសួងពាណិជ្ជកម្មរងចាំជួយ សម្របសម្រួលគម្រោងនេះឲ្យសម្រេចបានតាមផែនការ។
លោក Kao Yun De បានថ្លែងថា ភាគីចិនបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ពិសេ​សក្រសួងពាណិជ្ជកម្ម សម្រាប់ការគាំទ្រនាពេលកន្លងមក និងបានចែករំលែកនូវអនុសាសន៍ល្អៗ ដើម្បីជំរុញការងារបង្កើតមជ្ឈមណ្ឌលនេះឡើង។ តំណាងក្រុមហ៊ុនទាំងពីរ ក៏បានសន្យាបង្កើតមជ្ឈមណ្ឌលនេះ ឲ្យបានច្រើននៅតាមទីក្រុងដ៏ទៃទៀត នៅក្នុងខេត្តយូណាន ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលប្រទេសកម្ពុជា ព្រមទាំងខិតខំកៀងគរវិនិយោគិនខេត្តយូណាន ឲ្យមកធ្វើការបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជានាពេលអនាគត។
ដើម្បីស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតករ និងសហគ្រិនកម្ពុជា ក្រសួងពាណិជ្ជកម្មកន្លងមកបានសហការជាមួយវិស័យឯកជន ដោយបានបង្កើតឲ្យមានមជ្ឈមណ្ឌលពាណិ​ជ្ជកម្មចំនួន៥កន្លែងនៅតាមបណ្តាទីក្រុងធំៗ នៃខេត្តសំខាន់ៗរបស់ប្រទេសចិន មានដូចជា៖ ក្វាងចូវ, ហៃនីង, ស៊ីអាន, ហុងកុង និងប៉េកាំង។ ការបង្កើតមជ្ឈមណ្ឌលនេះ មិនត្រឹមធ្វើឱ្យផលិតផលខ្មែរ បង្ហាញវត្តមានច្រើនឡើងៗនៅលើទីផ្សារប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែវិស័យទេសចរណ៍ និងវប្បធម៌ជាតិ ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។
អ្នកវិនិយោគចិនបានក្លាយជាអ្នកវិនិយោគធំជាងគេទី១ នៅកម្ពុជាលើគ្រប់វិស័យ ដូចជា វិស័យវាយណភ័ណ្ឌកាត់ដេរនិងស្បែកជើង វិស័យគមនាគមន៍ វិស័យទេសចរណ៍វិស័យវារីអគ្គិសនីជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here