ដោយៈសុខុម
ភ្នំពេញ: រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បណ្ឌិត Vivian Balakrishnan នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃអង្គារ ទី១៥ ដល់ថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) ហើយលោកក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយថ្នាក់ដឹកនាំរបស់កម្ពុជាផងដែរ។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិសិង្ហបុរី បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ទី១៤ កុម្ភៈ ថា កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន នេះគឺជាលើកទី១ ហើយដែលកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ។
-->
កិច្ចប្រជុំនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃពុធ ទី១៦ និងថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ ក្រោមមូលបទដ៏សំខាន់របស់អាស៊ានគឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
ក្រសួងការបរទេសសិង្ហបុរីលើកឡើងថា បណ្ដារដ្ឋជាសមាជិកអាស៊ាន នឹងពិភាក្សា អំពីបញ្ហាអាទិភាពនានារបស់អាស៊ាន សម្រាប់ឆ្នាំនេះ លើការរខិតខំប្រឹងប្រែង កសាងសហគមន៍របស់អាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដា ដៃគូខាងក្រៅរបស់អាស៊ាន ព្រមទាំងផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហានានាក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងការបរទេសសិង្ហបុរី បានបន្ថែមទៀតថា នៅថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ លោកបណ្ឌិត Vivian Balakrishnan ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។
ក្រសួងការបរទេសសិង្ហបុរីគូសបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏កក់ក្តៅ និងយូរអង្វែងរវាងប្រទេសសិង្ហបុរី និងកម្ពុជា”។
មន្ត្រីក្រសួងការបរទេស មួយចំនួនទៀតរបស់សិង្ហបុរី ក៏នឹងអមដំណើរលោកបណ្ឌិតVivian Balakrishnan ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា ផងដែរ៕ CNA៕