រដ្ឋមន្ត្រីការបរទេសជប៉ុនសរសើរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបញ្ញវ័ន្តផ្នែកសេដ្ឋកិច្ចនិងជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ

0

ដោយ៖ សូរិយា

តូក្យូ៖ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ។

លោកបានលើកឡើងយ៉ាងដូច្នេះអំឡុងបំពេញទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់។

លោក HAYASHI Yoshimasa បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក មកកាន់ទីក្រុងតូក្យូ នាពេលនេះ ដែលជាការបង្ហាញឱ្យឃើញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្តិសមជាដៃគូយុទ្ធសាស្ត្រ។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្តជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ទាំងក្នុងដំណើរការស្វែងរកសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាពក្នុងទស្សវត្សរ៍ឆ្នាំ៩០ និងការណ៍ដែលជប៉ុនជាប្រទេស១ ក្នុងចំណោមប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។

លោកទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រត្តិការទ្វេភាគីកន្លងមក ជាពិសេសវិស័យយោធា ដែលមានការរីកចម្រើនជាលំដាប់ចាប់តាំងពីឆ្នាំ២០១៣មក ហើយនៅឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានប្រារព្ធខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយនឹងមានការរៀបចំកម្មវិធីជាច្រើនផងដែរ។

តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here