ទីផ្សារការិយាល័យក្រុងបាងកក កំពុងប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ

0

ដោយ៖សុខុម

បាងកក: នៅពេលទីផ្សារការិយាល័យក្រុងបាងកក ប្រឈមនឹងអត្រាជួលធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន ម្ចាស់អគារការិយាល័យក្នុងក្រុងនេះគួរតែជួសជួលកែលម្អអគារការិយាល័យរបស់ខ្លួនឱ្យថ្មី និងមានលក្ខណៈទំនើប ហើយផ្ដល់កិច្ចសន្យាមានភាពបត់បែនជាងមុនដើម្បីទាក់ទាញអ្នកជួលឱ្យបានមុនពេលការផ្គត់ផ្គង់ថ្មីៗជោរជន់លើទីផ្សារ។

លោកស្រី Roongrat Veeraparkkaroon នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Thailand បានលើកឡើងថា ទីផ្សារការិយាល័យក្រុងបាងកក បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩។ អត្រាជួលការិលាយ័យប្រចាំឆ្នាំបានដាំក្បាលចុះខ្លាំងកាលពីឆ្នាំ២០២១ ដែលជាលើកទី១ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ១៩៩៧ មក។

ទោះបីជាការព្យាករបង្ហាញថា សេដ្ឋកិច្ចពិភពលោក និងការគ្រប់គ្រងវិបត្តិកូវីដ-១៩ នឹងប្រសើរឡើងក្ដី ក៏ក្រុមហ៊ុនធំដែលជាអ្នកជួល បានពិចារណាកាត់បន្ថយការចំណាយ និងចាប់យកបែបបទធ្វើការថ្មីក្នុងបរិបទកូវីដ-១៩ ដោយធ្វើការឆ្លាស់វេនគ្នាពីផ្ទះខ្លះ និងនៅការិយាល័យខ្លះ។

លោកស្រី Roongrat Veeraparkkaroon ថ្លែងថា “យើងមើលឃើញសញ្ញាវិជ្ជមានក្នុងសកម្មភាពជួលនៅឆ្នាំនេះ ប៉ុន្តែការជួលថ្មីៗ និងការបន្តជួលទៀតគួរតែមានលក្ខណៈបត់បែនជាងមុន ព្រោះម្ចាស់អគារការិយាល័យភាគច្រើនប្ដេជ្ញាត្រៀមខ្លួនប្រឈាមមុខនឹងហានិភ័យនាពេលអនាគត រួមទាំងការរីករាលដាលវីរុសកូវីដ-១៩ រលកថ្មីៗដែលអាចកើតមានផងដែរ”។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រដែលមានភាពបត់បែននេះនឹងរួមបញ្ចូលទាំងលក្ខខណ្ឌបន្តកិច្ចសន្យាជួល រយៈពេលជួលដោយមិនគិតថ្លៃ កញ្ចប់បំពាក់គ្រឿងសង្ហារិម និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ទន្ទឹមនេះ ម្ចាស់អគារការិយាល័យក៏គួរតែត្រៀមលក្ខណៈទុកជាមុនផងដែរពាក់ព័ន្ធនឹងនិន្នាការទីផ្សារ និងនិន្នាការការិយាល័យ។

លោកស្រី Roongrat Veeraparkkaroon បានបន្ថែមថា “ម្ចាស់អគារការិយាល័យថ្មីៗគួរពិចារណាឡើងវិញអំពីការព្យាករអំពីតម្លៃ ឱ្យមានលក្ខណៈប្រាកដនិយម”។

យោងតាមទិន្នន័យបង្ហាញថា នៅរយៈពេលពីរបីឆ្នាំខាងមុខ ការផ្គង់អគារការិយាល័យនឹងមានច្រើនជោរជន់ក្នុងទីផ្សារក្រុងបាងកក៕

LEAVE A REPLY

Please enter your comment!
Please enter your name here