ដោយៈសុខុម
អន្តរជាតិ: គណៈកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារ ទី១៥ កុម្ភៈ បានដាក់ចេញផែនការ ទំនាក់ទំនងផ្កាយរណបតម្លៃ៦,៨ពាន់លានដុល្លារអាមេរិក។
ការវិនិយោគដ៏ច្រើននេះ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនបរទេស និងដើម្បីការពារសេវាកម្មទំនាក់ទំនងសំខាន់ៗ និងទិន្នន័យឃ្លាំមើលប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ។
ចំណាត់ការនេះធ្វើឡើង ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីកចម្រើនរបស់យោធារុស្ស៊ី និងយោធាចិន ផ្នែកលំហអវកាស និងការកើនឡើងយ៉ាងគំហុកនូវការបាញ់បង្ហោះផ្កាយរណប។
ប្រតិបត្តិករពាណិជ្ជកម្ម ដូចជា ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk និងបណ្តាញ Starlink របស់ខ្លួន ដែលបំណងបាញ់បង្ហោះផ្កាយរណបរាប់ម៉ឺន ដើម្បីផ្គត់ផ្គង់សេវា Wifi អ៊ីនធឺណិតពីលំហអវកាសជាដើម ក៏បានរួមចំណែកធ្វើឱ្យកើនឡើង យ៉ាងឆាប់រហ័សនូវចំនួនផ្កាយរណប និងកម្ទេចកម្ទីផ្កាយរណបក្នុងលំហអវកាសផងដែរ។
លោក Thierry Breton ឧត្តមស្នងការទទួលបន្ទុកទីផ្សាររបស់សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ថា “ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ថ្មីរបស់យើង នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ជួយគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតបច្ចុប្បន្នរបស់យើង បង្កើនភាពធន់ទ្រាំ និងសុវត្ថិភាពអ៊ីនធឺណិត និងផ្តល់ការតភ្ជាប់ទៅកាន់ទ្វីបអឺរ៉ុប ទាំងមូល និងទ្វីបអាហ្វ្រិក”។
សំណើរបស់សហភាពអឺរ៉ុប នេះមានគោលបំណងបង្កើត និងដំណើរការប្រព័ន្ធតភ្ជាប់ដ៏ទំនើប ដែលមានមូលដ្ឋានលើលំហអវកាស ជួយទប់ទល់នឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងអេឡិចត្រូម៉ាញេទិក ព្រមទាំងកែលម្អភាពធន់ នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ របស់សហភាពអឺរ៉ុបផងដែរ។
សហភាពអឺរ៉ុប មានបំណងដាក់ឱ្យដំណើរការកម្មវិធីនេះ នៅឆ្នាំ២០២៣៕ Reuters៕