ខេត្តកោះកុងកំពុងទាក់ទាញវិនិយោគិនគម្រោងធំៗកាន់តែច្រើន

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយនេះខេត្តកោះកុងហាក់បានបង្ហាញពីសក្ដានុពលកាន់តែខ្លាំងចំពោះស្រូបទាញវិនិយោគិនចូលទៅកាន់តំបន់សមុទ្រមួយនេះ ដោយក្នុងនោះដែរគម្រោងអភិវឌ្ឍន៍ទាំងរបស់រដ្ឋនិងឯកជនមួយចំនួនបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិនិងអន្តរជាតិកាន់តែច្រើនទៀត។

លោក ទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុងបានឱ្យដឹងថាគម្រោងអភិវឌ្ឍន៍របស់រដ្ឋនិងឯកជនមួយចំនួនបាននិងកំពុងបង្ហាញពីសក្ដានុពលនៃការវិនិយោគលើដីធ្លីក្នុងខេត្តនេះ។ ក្នុងនោះមានគម្រោងព្រលានយន្តហោះអន្តរជាតិ នៅតំបន់វិស្សមកាលតារាសាគរ គម្រោងផ្លូវហាយវេ ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ស្រុកស្រែអំបិលទៅកាន់ទីរួមខេត្តកោះកុង គម្រោងកំពង់ផែទឹកជ្រៅរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងគម្រោងផ្លូវជាតិលេខ១០ដែលតភ្ជាប់ពីខេត្តពោធិ៍សាត់មកកាន់ខេត្តកោះកុងជាដើម។

លោកបន្តថា ក្រៅពីគម្រោងនេះ ក៏មានម្រោងផ្សេងទៀតដែលជំរុញឱ្យវិស័យដីធ្លីក្នុងខេត្តកោះកុងកាន់តែមានសក្ដានុពលនិងទាក់ទាញដល់ការវិនិយោគនានាដូចជាគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ាគិតម៉េង និងគម្រោងឯកជនជាច្រើនទៀតផងដែរ។

លោកបន្តទៀតថា ក្នុងឆ្នាំ២០២២នេះ ការទិញលក់និងតម្លៃដីធ្លីក្នុងខេត្តកោះកុងមានសន្ទុះងើបឡើងខ្លាំង ស្ទើរតែខ្លាំងជាងកាលមុនពេលកម្ពុជានិងពិភពលោកបានជួបវិបត្តិទៅទៀត។

លោកក៏បានផ្ដល់មតិថា វិនិយោគិនដែលចង់ចូលទៅកាន់ខេត្តកោះកុងគួរទៅកាន់តំបន់មាត់សមុទ្រ ដែលអាចទិញដីដើម្បីទុកវិនិយោគយកប្រាក់ចំណេញនៅពេលអនាគត ព្រោះថាបើធៀបនឹងខេត្តផ្សេងទៀតដែលជាប់សមុទ្រ កោះកុងជាខេត្តមួយ ដែលមានតម្លៃដីធ្លីជាប់សមុទ្រនៅមានកម្រិតទាបនៅឡើយ។

លោកបន្ថែមថា ជាទូទៅដីធ្លីនៅតាមស្រុកនៃខេត្តកោះកុងមានតម្លៃត្រឹម៣ទៅ៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយដីនៅក្នុងក្រុងអាចមានតម្លៃត្រឹម១៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រ តែក៏មានដីនៅតំបន់ខ្លះដែលជាប់នឹងផ្លូវធំនិងជាទីតាំងល្អអាចមានតម្លៃរហូតដល់២០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េផងដែរ។

លោកថា ”សម្រាប់ឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យក្នុងខេត្តកោះកុងនឹងរំពឹងថាមានស្ថានភាពល្អប្រសើរ ទោះបីជាមានការរាលដាលនៃមេរោគកូវីដ១៩ប្រភេទថ្មីអូមីក្រុងក៏ដោយ”។

នាពេលថ្មីៗនេះ ក្រុមហ៊ុនអឺរ៉ុបធំមួយបានប្រកាសថា ខ្លួនគ្រោងវិនិយោគនៅក្នុងខេត្តកោះកុង លើគម្រោងទីក្រុងឆ្លាតវៃ (Smart City) ធំមួយ ឈ្មោះ “អនាគត” ដែលមានតម្លៃ ៦០០ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងតាមទូរសព្ទឱ្យដឹងក្នុងថ្ងៃទី១៦ ខែកុម្ភៈថា លោកមិនទាន់ដឹងពីគម្រោងថ្មីៗដែលចូលមកកាន់ខេត្តកោះកុងនៅឡើយ ហើយវាលឺតែការចុះផ្សាយពីគម្រោងនេះគម្រោងនោះ តែសម្រាប់ខេត្តមិនទាន់ទទួលបានព័ត៌មានផ្លូវការពីការវិនិយោគគម្រោងធំៗ ដូចជាគម្រោងវិនិយោគធំមួយដែលមានដីរាប់ម៉ឺនហិចតា និងបោះទុន៦០០ពាន់លាននោះទេ ព្រោះលឺតែព័ត៌មានតែមិនទាន់មានឯកសារផ្លូវការដាក់មកកាន់ខេត្តនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here