រដ្ឋមន្រ្តីសេដ្ឋកិច្ច: កម្ពុជាកំពុងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤

0

ដោយ : គង់ សូរិយា
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ បានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកំពុងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មីនៃសេដ្ឋកិច្ចសកលលោក។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងជំនួបជាមួយ លោកស្រី F. Cleo Kawawaki អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ADB នៅថ្ងៃទី២០ខែកញ្ញាកន្លងមកថា ដើម្បីបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំនិងដាក់ចេញនូវឯកសារ គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីសម្រេចគោលដៅខាងលើ។

លោកស្រី F. Cleo Kawawaki បានវាយតម្លៃខ្ពស់ ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជា ជាពិសេសបានកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗបានកើនឡើងជាង៧ដង គឺពីប្រមាណជាង២០០ដុល្លារអាមេរិក នៅឆ្នាំ ១៩៩២ ដល់ជិតប្រមាណ១ ៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ដែលលទ្ធផលដ៏ល្អប្រសើរទាំងនេះគឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីបន្តថា ឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ADB នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលត្រូវដើរតាមយុទ្ធសាស្រ្តឆ្នាំ ២០៣០របស់ADB ហើយត្រូវមានសង្គតិភាពជាមួយនឹងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ធភាព ការកសាងមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here