ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលចាប់ផ្ដើមទទួលបានទុនវិនិយោគថ្មីៗជាបន្តបន្ទាប់ ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៧កុម្ភៈ ២០២២នេះបានចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគគម្រោង៦ជាផ្លូវការ ដែលមានទុនប្រមាណជិត៧០លានដុល្លារអាមេរិក។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ រួមមាន៖
១- គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២៨កន្លែង។
២-: គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៨កន្លែង។
៣- គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។
៤ គម្រោងបង្កើតរោងចក្រផលិតចំហាយទឹក និងខ្យល់ក្តៅផ្គត់ផ្គង់ឱ្យរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៦,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២កន្លែង។
៥- គម្រោងបង្កើតរោងចក្រផលិតម្ភារៈប្រើប្រាស់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ #I-4A-12 ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។
៦- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៧៨៩កន្លែង៕