ដោយៈជេស៊ីកា
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែនបានសម្រេចដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារដែលមានអាយុពី៣ដល់៥ឆ្នាំ និងអំពាវនាវដល់មាតាបិតាអាណាព្យាបាល ចូលរួមយកកូនចៅរបស់ខ្លួនទៅចាក់ឱ្យបានគ្រប់គ្នា។
ក្នុងសារពិសេសនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកឡើងថា មូលហេតុនៃការសម្រេចចិត្តបែបនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្ដើមពីអូមីក្រុងចាប់ផ្ដើមរុករាន មកប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានប្រមាណជា២០ភាគរយ ដែលទទួលនូវជំងឺនេះ។
សម្តេចបន្តថា “និយាយដោយត្រង់សូម្បីតែចៅទី២១ របស់ព្រះករុណាខ្ញុំ ដែលទើបតែមានអាយុ២ខួប ក៏ទទួលការឆ្លងផងដែរ”។
ដោយបារម្ភពីផលប៉ះពាល់ដល់សុខភាពសាធារណ សម្ដេចតេជោបានបញ្ជាឱ្យគណៈកម្មការចាក់វ៉ាក់សាំង និងអាជ្ញាធរនានាខិតខំសម្របសម្រួលយុទ្ធនាការនេះ ឱ្យបានឆាប់និងមានសុវត្ថិភាពបំផុតដល់កុមារ។
សម្ដេចបានអំពាវដល់ឪពុកម្ដាយ អាណាព្យាបាលទាំងអស់យកកូនចៅ ដែលមានអាយុពី៣ដល់៥ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។
សម្ដេចតេជោបានឲ្យដឹងផងដែរថា កុមារដែលមានអាយុចាប់ពី៣ ដល់៥ឆ្នាំនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នមានជាង៧០ម៉ឺននាក់៕