ដោយ៖ សុផារី
សហរដ្ឋអាមេរិក៖ គេហទំព័រលក់ទំនិញអនឡាញដែលដំណើរការដោយក្រុមហ៊ុនចិន Tencent Holdings Ltd និង Alibaba Group Holding Ltd ត្រូវបានបញ្ចូលក្នុងបញ្ជីបញ្ជីខ្មៅចុងក្រោយបង្អស់របស់រដ្ឋាភិបាល អាមេរិក ក្រោមបទចោទប្រកាន់ថាបានលក់ ឬជួយសម្របសម្រួលការលក់ទំនិញក្លែងក្លាយ។
នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២នេះបានឱ្យដឹងថា មានគេហទំព័រទីផ្សារអនឡាញចំនួន៤២ និងទីផ្សារផ្ទាល់ចំនួន៣៥ ដែលត្រូវបានរាយការណ៍ថាចូលរួម ឬជួយសម្រួលដល់ការក្លែងបន្លំម៉ាកយីហោ ឬលួចចម្លងកម្មសិទ្ធិបញ្ញាយ៉ាងច្រើន។ ក្នុងនោះក៏មាន AliExpress, WeChat e-commerce, Baidu Wangpan, DHGate, Pinduoduo និង Taobao ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ Alibaba បាននិយាយថា ខ្លួននឹងបន្តធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល ដើម្បីដោះស្រាយកង្វល់ក្នុងការការពារកម្មសិទ្ធិបញ្ញានៅទូទាំងគេហទំព័ររបស់ខ្លួន។
ក្រុមហ៊ុន Tencent បាននិយាយថា ខ្លួនមិនយល់ស្របយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ ហើយកន្លងមកខ្លួនបានប្តេជ្ញាធ្វើការសហការគ្នាដើម្បីដោះស្រាយបញ្ហានេះតាមរយៈការត្រួតពិនិត្យយ៉ាងសកម្ម រារាំង និងចាត់វិធានការលើរាល់សកម្មភាពនៃការរំលោភបំពានលើគេហទំព័ររបស់ខ្លួន ហើយបានវិនិយោគធនធានសំខាន់ៗទៅក្នុងការការពារកម្មសិទ្ធិបញ្ញាផងដែរ។
ការដាក់ចេញវិធានការថ្មីនេះ វាបានបង្ហាញពីភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងផ្នែក ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលត្រូវបានគេដឹងថា បានកើតមានឡើងអស់ជាច្រើនឆ្នាំមកហើយ ជុំវិញបញ្ហាដូចជាពន្ធគយ បច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញាជាដើម៕