រោងចក្រដំឡើងរថយន្តម៉ាកល្បីចំនួនពីរ នឹងទាក់ទាញបន្ថែមចំពោះការវិនិយោគនៅខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រោងចក្រដំឡើងរថយន្តពីរនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ នឹងទាក់ទាញសក្ដានុពលការវិនិយោគបន្ថែមទៀត នៅពេលអនាគតខាងមុខនេះ ជាពិសេសរោងចក្រដំឡើងរថយន្តទាំងពីរ នឹងជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ។

រោងចក្រដំឡើងរថយន្តពីរ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញា​បនបត្រវិនិយោគជាផ្លូវការ រួមមាន រោងចក្រដំឡើងរថយន្តហ្វ ដែលកន្លងមករថយន្តម៉ាកនេះ បាននាំចូលពីក្រៅប្រទេស ដោយក្រុមហ៊ុន RMA Cambodia ។ រោងចក្រដំឡើងរថយន្តនេះ មានទីតាំងវិនិយោគនៅខេត្តពោធិ៍សាត់ ហើយនឹងដំណើរការជាផ្លូវការនៅពេលខាងមុខ ។

ក្រៅពីរោងចក្រដំឡើងរថយន្តហ្វដ កម្ពុជាក៏ទទួលបានគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្ត ISUZU ជាម៉ាករថយន្តរបស់ជប៉ុន ដែលកន្លងមករថយន្តម៉ាកនេះ បាននាំចូលប្រទេសកម្ពុជាពីប្រទេសថៃ ដោយក្រុមហ៊ុនK Cambodia ។

ក្រុមហ៊ុននេះដែរ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញា​បនបត្រជូន ដើម្បីដំណើរការវិនិយោគ នៅក្នុងប្រទេសសាងសង់រោងចក្រដំឡើងនៅកម្ពុជា ដែលរោងចក្រនេះ មានទីតាំងនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៦៦កន្លែង ។

លោកសន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ផងដែរថា ខេត្តកំពង់ស្ពឺជាខត្តមួយ ដែលមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម ជាពិសេសនៅតំបន់តាមបណ្ដោយផ្លូវជាតិលេខ៤២ ផ្លូវជាតិលេខ៤១ និង៥១ជាដើម។

លោកបន្តថា “ដីធ្លីនៅតំបន់នេះ ក៏នៅទូលំទូលាយសម្រាប់ វិនិយោ​គិន ក្នុងការបណ្ដាក់ទុនទៅលើឧស្សាហកម្មផងដែរ”។

ចំណែកលោក បូ សេងហួរ ប្រធានសាខានៃក្រុមហុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានមានប្រសាសន៍ផងដែរថា តម្រូវការដីធ្លីសម្រាប់សង់ជាឃ្លាំងរោងចក្រ សង់រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកាន់តែខ្ពស់ ហើយវាកាន់តែមានតម្រូវការខ្ពស់បន្ថែមទៀតនៅពេលអនាគត ។

លោកបន្តថា “ខេត្តនេះ មានអំណោយផលខ្ពស់ លើការវិនិយោគលើឧស្សាហកម្ម ពីព្រោះទីតាងក្នុងខេត្តនេះ មានអំណោយផលល្អសម្រាប់ការដឹកជញ្ជូនទំនិញ ចូលមកកាន់ទីតាំងរោងចក្រ និងងាយស្រួលក្នុងការដឹកទំនិញចេញ ទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា នៅខេត្តព្រះសីហនុ និងទៅកាន់ច្រកព្រំដែនកម្ពុជាជាដើម”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតគម្រោងវិនិយោគ នៅតាមបណ្ដាខេត្តនានា ដូចជា នៅពោធិ៍សាត់ គឺរោងចក្រដំឡើងរថយន្តហ្វដ នឹងជំរុញនិងទាក់ទាញឱ្យ មានការវិនិយោគបន្ថែមទៀតនៅក្នុងខេត្តមួយនេះ ខណៈតម្លៃដីក៏នៅមានកម្រិតទាបនៅឡើយ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខេត្តសោធិ៍សាត់ ក៏ជាសក្ដានុពលមួយក្នុងការទាក់ទាញការវិនិយោគបន្ថែមទៅក្នុងខេត្តមួយនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here