ដំណឹងល្អៈ ក្រុមហ៊ុនអាមេរិក ១៦មកស្វែងរកដៃគូវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជា

ចែករំលែក

ដោយស៊ីវ ម៉េង

​ភ្នំពេញ: តំណាងក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៦ នឹងមកទស្សនកិច្ចកម្ពុជាដើម្បីស្វែងរកដៃគូវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយអ្នកវិនិយោគក្នុងស្រុក ដែលការជួបជុំនេះនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទ“ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា “ធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា« គោលបំណងនៃការរៀបចំព្រឹត្តិការណ៍

នេះគឺដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅទៅលើវិស័យនេះ ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពលមួយនេះ»។

ប្រតិភូទាំង១៦ តំណាងអោយក្រុមហ៊ុនឈា​ន​មុខគេមួយចំនួន របស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ។ វានឹងមានផងដែរនូវក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗរបស់អាមេរិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងរយៈពេល២ថ្ងៃនេះ សមាជិកប្រតិភូនឹងសិក្សាស្វែងយល់អំពីវិស័យផ្សេងៗទាក់ទងនឹងកសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញក្នុងស្រុក និងទស្សនាទីតាំងផលិតកម្មក្នុងមូលដ្ឋាន។លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាមេរិកទាំងនេះភាគច្រើនជាក្រុមហ៊ុនវិនិយោគផ្នែកវិស័យកសិកម្ម និង​មានមូលដ្ឋានវិនិយោគនៅក្នុងតំបន់រួចហើយដូចជា នៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេស​សឹង្ហបុរី។លោកបន្តថា ក្រុមហ៊ុនទាំងនេះអាចនឹងមកវិនិយោគនៅកម្ពុជា ដោយសារបរិយាកាលវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ខណៈក្រុមហ៊ុនអាមេរិកធំៗជាច្រើ​នបានវិនិយោគនៅកម្ពុជារួចហើយ។

លោកបន្តថា “ខ្ញុំមានសង្ឃឹមច្រើនថាក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅកម្ពុជា ព្រោះពួកគេបានវិនិយោគនៅតាមបណ្តាប្រទេសក្នុងតំបន់រួចហើយ”៕


ចែករំលែក