ដោយៈសុខុម
តូក្យូ: គណៈកម្មាធិការដ៏សំខាន់មួយនៃសភាជប៉ុន នៅថ្ងៃច័ន្ទ ទី២១ កុម្ភៈ នេះបានអនុម័តផែនការចំណាយដំបូងដ៏ធំបំផុត មិនធ្លាប់មានរបស់រដ្ឋាភិបាល ក្នុងទំហំរហូតដល់ទៅ៩៤០ពាន់លានដុល្លារអាមេរិក។
សំណើកញ្ចប់ថវិកាដ៏ធំសម្បើម សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់នេះ គ្រោងដាក់ឱ្យសភាអនុម័តនៅខែមីនា ក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នឹងត្រូវពឹងផ្អែកខ្លាំងលើកញ្ចប់ថវិកាដ៏ធំសម្បើមនេះ ដើម្បីទាញប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកឱ្យងើបចេញផុតពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ ស្របពេលសេដ្ឋកិច្ចប្រទេស កំពុងមានសន្ទុះយឺតខ្លាំងនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះ។
កញ្ចប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធថ្មី ដែលនឹងចាប់ផ្តើមនៅខែមេសា ខាងមុខនេះ គឺជាផែនការចំណាយដំបូងដ៏ធំបំផុតរបស់ប្រទេសជប៉ុន។
កញ្ចប់ថវិកាដ៏ធំសម្បើមនេះ គឺជាការបន្ថែមទម្ងន់លើបន្ទុកបំណុលដ៏ធ្ងន់បំផុតរបស់ពិភពឧស្សាហកម្ម ដែលធំជាង២ដងបើធៀប នឹងទំហំសេដ្ឋកិច្ច៥ទ្រីលានដុល្លារអាមេរិក របស់ប្រទេសជប៉ុន។
កញ្ចប់ថវិកានេះ ត្រូវបានអនុម័តនៅថ្ងៃច័ន្ទ ទី២១ កុម្ភៈ នេះដោយក្រុមសមាជិកសភាមកពីបក្សកាន់អំណាច នៅគណៈកម្មាធិការទទួលបន្ទុកផ្នែកថវិកានៃរដ្ឋសភា ហើយនឹងត្រូវបានដាក់ឱ្យបោះឆ្នោតនៅថ្ងៃអង្គារ ស្អែកនេះក្នុងសម័យប្រជុំសភាពេញអង្គ៕ Reuters៕