ក្រុមហ៊ុន PTT គ្រោងវិនិយោគ២,៩ពាន់លានដុល្លារ ខណៈសម្លឹងពង្រីកទីផ្សារនៅកម្ពុជា

0

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនលំដាប់យក្សរបស់ថៃ PTT Oil and Retail Business (PTTOR) គ្រោងបោះទុនវិនិយោគដល់ទៅ២,៩ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មចំណីអាហារ និងភេសជ្ជៈរបស់ខ្លួន ដោយប្រើប្រាស់បណ្តាញស្ថានីយប្រេងឥន្ធនៈធំៗដែលខ្លួនមាន ខណៈសម្លឹងមកទីផ្សារកម្ពុជា។

លោកស្រី Jiraphon Kawswat នាយិកាប្រតិបត្តិក្រុមហ៊ុននេះបានប្រកាសក្នុងសន្និសីទកាសែត តាមរយៈ Video Conference កាលពីថ្ងៃច័ន្ទ ទី២១ កុម្ភៈថា ប្រមាណ៤២%នៃទុនវិនិយោគទាំងនេះ នឹងត្រូវប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មមិនមែនប្រេងរបស់ខ្លួន រួមទាំងការបន្ថែមចំនួនហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនទៀតផងដែរ។

លោកស្រីបានបន្ថែមទៀតថា “ទំហំទឹកប្រាក់មួយចំណែក នៃទុនវិនិយោគនេះ ក៏នឹងត្រូវចំណាយលើបច្ចេកវិទ្យាផងដែរ ដើម្បីជួយវិភាគទិន្នន័យអតិថិជន និងកំណត់ឱកាសថ្មីៗ”។

ផែនការវិនិយោគនេះ គឺដើម្បីបង្កើនប្រាក់ចំណូល ពីអាជីវកម្មមិនមែនប្រេង និងអាជីវកម្មក្រៅប្រទេសរបស់ខ្លួន និងដើម្បីកាត់បន្ថយការរួមចំណែករកប្រាក់ចំណូលពីស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន។

ក្រុមហ៊ុននេះ មានបណ្តាញស្ថានីយប្រេងឥន្ធនៈ រហូតដល់ទៅជាង២.០០០ស្ថានីយ និងជាម្ចាស់ហ្វ្រែនឆាយហាងកាហ្វេ ដ៏ធំបំផុតរបស់ប្រទេ​សថៃ គឺ Cafe Amazon ដែលមានហាងរហូត ដល់ទៅប្រមាណ៣.០០០ហាង រួមជាមួយតែគជ់ សាច់មាន់បំពង និងអាហារស៊ូស៊ី បែបជប៉ុន ផងដែរ។

លោកស្រី Jiraphon Kawswat មានគម្រោងកាត់បន្ថយការរួមចំណែករបស់អាជីវកម្មប្រេង នៅក្នុងការរកប្រាក់ចំណូលពី៧៦% មកនៅត្រឹម៤៥% ខណៈបង្កើនប្រាក់ចំណូលពីអាជីវកម្មចំណីអាហារ និងភេសជ្ជៈ និងអាជីវកម្មមិនមែនប្រេងផ្សេងទៀត។

លោកស្រីលើកឡើងថា នៅឆ្នាំនេះ ក្រុមហ៊ុនក៏មានគម្រោងបង្កើនចំនួនស្ថានីយ៍​​ សាកអាគុយរថយន្តអគ្គិសនី (EV) ៣ដងផងដែរនៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន ឱ្យឈានដល់៣០០ស្ថានីយ និង១៥០ស្ថា​នីយ៍ទៀត ជាមួយបណ្ដាដៃគូពាណិជ្ជកម្ម ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់អគ្គិសនី។

ក្រុមហ៊ុនកំពុងស្វែងរកដៃគូក្នុងស្រុក នៅក្នុងទីផ្សារផ្សេងៗទៀត ដែលខ្លួនមានអាជីវកម្ម ដំណើរការរួចទៅហើយ ដូចជា ប្រទេសឡាវ ប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ជាដើមសម្រាប់ការបណ្តាក់ទុនរួមគ្នា។
ក្រុមហ៊ុន PTTOR គឺជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនថាមពលរដ្ឋ PTT Pcl ដែលមានការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនចិនតៃវ៉ាន់Foxconn ដើម្បីផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here