ដោយៈ សុផារី
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដែលកំពុងធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុនជាអ្នកផ្ដល់ប្រាក់កម្ចី និងជំនួយដល់ប្រទេសកម្ពុជា។ ដូច្នេះ មិនមែនដូចអ្នកវិភាគមួយចំនួន លើកឡើងថាបញ្ហាកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះ ជាអន្ទាក់បំណុលរបស់ចិននោះឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះថា កំពង់ផែទឹកជ្រៅ នៅខេត្តព្រះសីហនុ គឺរ៉ាប់រង និងទទួលខុសត្រូវ ព្រមទាំងការជួយទំនុកបម្រុង ពីរដ្ឋាភិបាលជប៉ុន។
-->

សម្ដេចតេជោបានថ្លែងបន្តថា “ការប្រៀបធៀបអន្ទាក់បំណុលរបស់ចិន លើបញ្ហាកំពង់ផែខេត្តព្រះសីហនុ ទៅនឹងអន្ទាក់បំណុលរបស់ចិន នៅក្នុងប្រទេសស្រីលង្កា គឺវាមិនមែនជាការពិតនោះឡើយ ពីព្រោះកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនេះ គឺទទួលរ៉ាប់រងទទួលខុសត្រូវឱ្យប្រាក់កម្ចី និងជំនួយរបស់ប្រទេសជប៉ុនទៅវិញទេ”។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “ចឹងទេ សូមពួកអ្នកវិភាគមួយចំនួន ដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្ដសភាពការណ៍ទៅ ព្រោះកំពង់ផែសព្វថ្ងៃ ដែលកំពុងធ្វើប្រតិបត្តិការ ដឹកទំនិញចេញ-ចូលនេះ គឺកំពុងតែមានការរួមចំណែក ការកសាងអ្វីៗ តាមរយៈជប៉ុន ហើយជប៉ុនមានទិញភាគហ៊ុនមួយចំនួន នៅក្នុងហ្នឹងផងដែរ”។

កំពង់ផែទឹកជ្រៅ គឺជាដំណាក់កាលដំបូងនៃការពង្រីកចំណតផែ តាម រយៈកិច្ចសហការ រវាងកម្ពុជាជាមួយរដ្ឋាភិបាលជប៉ុន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានគម្រោង៣ដំណាក់កាល ដោយដំណាក់កាលទី១ ដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៥ នឹងមានការកសាងមានជម្រៅទឹករហូតដល់ ១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកជញ្ជូនប្រមាណ៧០% ដែលកំពុងចរាចរលើសមុទ្របច្ចុប្បន្ន អាចចូលចតនៅព្រះសីហនុបាន។
ដំណាក់កាលទី២ និងទី៣ នឹងត្រូវបានកសាងក្នុងពេលព្រមគ្នា ដើម្បីជម្រុញឱ្យព្រះសីហនុ មានជម្រៅរហូតដល់១៨ម៉ែត្រ ដែលត្រូវបានបញ្ចប់នៅឆ្នាំ២០២៨។ បន្ទាប់ពីមានការសាងសង់ ដែលមានជម្រៅទឹក១៨ម៉ែត្រ នាវានៅលើពិភពលោក នឹងអាចចុះចតនៅព្រះសីហនុ បានរហូតទៅដល់៩៧%៕