ដោយៈសុខុម
អាមេរិក: នាវាកម្សាន្តខ្នាតយក្សធំបំផុតរបស់ពិភពលោក ដែលមានតម្លៃរហូតដល់ទៅ១,៣៥ពាន់លានដុល្លារអាមេរិក និងបានប្រើពេល៣ឆ្នាំនៅក្នុងការសាងសង់ ទីបំផុតការសាងសង់បានបញ្ចប់ជាស្ថាពរហើយ និងកំពុងត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ។
ដោយមានប្រវែងជាង៣០០ម៉ែត្រ និងកម្ពស់រហូតដល់ទៅ៦៤ម៉ែត្រ នាវាកម្សាន្តខ្នាតយក្សដែលមានឈ្មោះថា Wonder of the Seas របស់ក្រុមហ៊ុនអន្តរជាតិមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក Royal Caribbeanខាងលើនេះ ត្រូវបានអ្នកទទួលសាងសង់ ប្រគល់ជូនក្រុមហ៊ុនកាលពីខែមករា ដើមឆ្នាំ២០២២ ហើយគ្រោងនឹងចាប់ផ្តើមដំណើរកម្សាន្ត ជាលើកដំបូងរបស់ខ្លួនចេញពីក្រុង Fort Lauderdale រដ្ឋផ្លរីដា ឆ្ពោះទៅកាន់តំបន់ការ៉ាអ៊ីព (Caribbean) នៅថ្ងៃទី៤ មីនា ដ៏ខ្លីខាងមុខនេះ។
-->

នាវាកម្សាន្តដែលមាន១៨ជាន់នេះ ត្រូវបានសាងសង់នៅកន្លែងផលិតនាវា Chantiers de l’Atlantique ក្នុងទីក្រុង Saint-Nazaire ប្រទេសបារាំង ហើយវាមានសមត្ថភាពផ្ទុកភ្ញៀវ បានរហូតដល់ទៅ៦.៩៨៨នាក់ និងនាវិក២.៣០០នាក់ (សរុប៩.២៨៨នាក់)។
លោក Mark Tamis អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការសណ្ឋាគារនៅក្រុមហ៊ុន Royal Caribbean International បានប្រាប់សារព័ត៌មាន CNN ថា “យើងពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយសូមណែនាំភ្ញៀវទេសចរទូទាំងពិភពលោក ឱ្យស្គាល់នាវាកម្សាន្តខ្នាតយក្ស Wonder of the Seas និងលក្ខណៈពិសេសៗ លំដាប់ពិភពលោករបស់វា បន្ទាប់ពីឆ្លងកាត់ដំណើរការយ៉ាងយូរអស់រយៈពេល៦ឆ្នាំ”។

លោកបានបន្ថែមទៀតថា “រាប់ចាប់ពីការធ្វើផែនការរហូតដល់ការប្រគល់នាវានេះ យើងបានប្រើប្រាស់ចំណេះ ជំនាញរបស់យើងទូទាំងក្រុមហ៊ុន Royal Caribbean ហើយយើងក៏បានដាក់បញ្ចូលមតិយោបល់របស់ភ្ញៀវ និងមតិកែលម្អរបស់ដៃគូទេសចរណ៍យើងផងដែរ ដើម្បីផលិតចេញនូវនាវាកម្សាន្តដែលគួរឱ្យស្ញប់ស្ញែងពិតៗមួយនេះ”។

នាវា Wonder of the Seas ត្រូវបានបែងចែកជា៨តំបន់ផ្សេងគ្នា ដោយតំបន់មួយ ក្នុងចំណោមនោះមានដើមរុក្ខជាតិពិតៗ រហូតដល់ទៅជាង២០.០០០ដើម។ នៅលើនាវានេះក៏មាន “ទោងជិះរអិលលើទឹកដែលខ្ពស់បំផុតនៅសមុទ្រ” ព្រមទាំងខ្សែរ៉តកម្ពស់១០ជាន់នៃនាវា និងមានផ្ទាំងសំពត់កុនយ៉ាងធំនៅក្បែរអាងហែលទឹកផងដែរ៕ CNN៕