ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៥ ឬថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ថ្នាំប្រភេទចាក់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ១៩ នឹងមកដល់កម្ពុជាតាមការបញ្ជាទិញ។
សម្តេចតេជោ ហ៊ុន សែនបានលើកឡើងបែបនេះ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ថវិការទិញថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់យកចាក់ជូនប្រជាពលរដ្ឋ គឺមិនអាចពន្យាបាននោះទេ ដូច្នេះត្រូវតែមាននៅក្នុងឃ្លាំងយុទ្ធសាស្ត្រជានិច្ច ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ខណៈនៅថ្ងៃទី២៣ ខែកុម្ភៈនេះជាថ្ងៃបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារមានអាយុ៣ឆ្នាំ”។
សម្តេចតេជោបានបន្តថា ដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ជាសកលនេះ មិនទាន់បញ្ជាក់ថា ថ្ងៃណាទើបបញ្ឈប់ចាក់វ៉ាក់សាំងនោះទេ។ ដូច្នេះ រាជរដ្ឋាភិបាលត្រូវតែមានថវិកាគ្រប់គ្រាន់ សម្រាប់ទិញវ៉ាក់សាំង ជាពិសេសរដ្ឋាភិបាលភិបាល មិនអាចទៅខ្ចី ឬទិញបណ្តាក់ពីគេបានទេ គឺប្រើប្រាស់ថវិកាសុទ្ធទាំងអស់តែម្តង។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ថវិកាសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលត្រូវចំណាយក្នុង១ខែ ជិត៤០លានដុល្លារ គឺត្រូវតែបន្តចិញ្ចឹមបន្តទៀត ខណៈការចំណាយលើការព្យាបាលអ្នកជំងឺ នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័ក គឺត្រូវតែទទួលខុសឱ្យបានត្រឹមត្រូវ ព្រមទាំងមានថ្នាំសម្រាប់ព្យាបាលផងដែរ៕