តើប្រទេសអ៊ុយក្រែនមានប្រវត្តិបែបណា មានសេដ្ឋកិច្ចនិងប្រជាជនប៉ុន្មានលាននាក់?

0

ដោយៈ សហការី

ភ្នំពេញៈ កំពុងស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាម បន្ទាប់ពីបើកការវាយប្រហារពីប្រទេសរុស្ស៊ី អ៊ុយក្រែនគឺជាប្រទេសមានផ្ទៃដីធំលំដាប់ទី២ នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៉ី។

ប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះ មានព្រំដែនជាប់ប្រទេស ដូចជា រុស្ស៉ី បេឡារុស ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ម៉ុលដូវ៉ា និងហុងគ្រី ព្រមទាំងមានព្រំដែនទឹកជាប់សមុទ្រខ្មៅ។ អ៊ុយក្រែនដែលជាអតីតដែនដី សហភាពសូវៀតបានប្រកាសឯករាជ្យ បន្ទាប់ពីសូវៀតដួលរលំនៅឆ្នាំ១៩៩១​។

ចាប់តាំងពីពេលនោះមក អ៊ុយក្រែនកាន់តែមានទំនោរទៅរកបណ្ដាប្រទេសលោកខាងលិច ដែលនេះធ្វើឱ្យរុស្ស៉ីមិនសប្បាយជាយូរមកហើយ ដែរ។ សម្រាប់ រុស្ស៉ី អ៊ុយក្រែនគឺជាទីតាំងភូមិសាស្ត្រដ៏សំខាន់ ប្រៀបដូចជា ទ្រនាប់ការពារមួយ ដ៏ធំពីការឈ្លានពានរបស់ NATO។ ម្យ៉ាងវិញទៀត មកទល់នឹងពេលនេះ។

លោកប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន នៅតែចាត់ទុកថា អ៊ុយក្រែន គឺជាកេរមរតកបន្សល់ទុកពីអតីតសហភាពសូវៀត ដោយលោកផ្ទាល់ធ្លាប់បានប្រកាសត្រង់ៗ កាលពីចុងឆ្នាំ២០២១ ថាប្រជាជនរុស្ស៉ី និងប្រជាជនអ៊ុយក្រែន ជាប្រជាជនតែមួយទៀតផង។

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់អ៊ុយក្រែន
* ទីក្រុងកៀវ៖ គឺជារដ្ឋធានី
* មានប្រជាជន៖ ៤៤.៩លាននាក់
* មានផ្ទៃក្រឡា៖ ៦០៣,៧០០គីឡូម៉ែត្រក្រឡា
* ភាសា៖ អ៊ុយក្រែន (ភាសាផ្លូវការ) រុស្ស៉ី
* សាសនារបស់រដ្ឋ គ្រឹស្តសាសនា
* អាយុសង្ឃឹមរស់៖ មនុស្សប្រុស ៦៤ឆ្នាំ, មនុស្សស្រី៧៥ឆ្នាំ
* វត្ថុបិយវត្ថុ៖ ហឺរីនីយ៉ា (hryvnya)

* GDP ៖ ១៣៧.៣ពាន់លានដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)
* GDP សម្រាប់ប្រជាជនម្នាក់៖ ៣,៧២៦.៤ដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)។
* ប្រធានាធិបតី៖ លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky)។ លោកជាអតីតតារាកំប្លែងអ៊ុយក្រែនម្នាក់ ដែលមិនមានបទពិសោធន៍ខាង នយោបាយនោះទេ។
*កាលបរិច្ឆេទនៃប្រវត្តិសាស្ត្រសម័យទំនើបសំខាន់ៗរបស់អ៊ុយក្រែន

* ឆ្នាំ១៩១៨៖ អ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយបដិវត្តន៍រុស្ស៉ី (Russian Revolution)។
* ឆ្នាំ១៩២១៖ សហភាពវៀតត្រូវបានបង្កើតឡើង ហើយកងទ័ពក្រហមរុស្ស៉ី បានវាយដណ្ដើមកាន់កាប់២ភាគ៣ នៃទឹកដីអ៊ុយក្រែន។
* ឆ្នាំ១៩៣២៖ កសិករយ៉ាងហោច ៧លាននាក់បានស្លាប់ នៅក្នុងគ្រោះទុរភិក្ស នៅអំឡុងយុទ្ធនាការសមូហនីយកម្មរបស់លោកស្ដាលីន។
* ឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៤៖ ប្រជាជនអ៊ុយក្រែនរងទុក្ខវេទនា នៅក្រោមការគ្រប់គ្រង របស់កងទ័ពណាហ្ស៊ីអាល្លឺម៉ង់ហ៊ីត្លែរ នាសម័យសង្រ្គាមលោកលើកទី២។

* ឆ្នាំ១៩៤៥៖ កងទ័ពសម្ពន្ធមិត្តលោកខាងលិច ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមលោកលើកទី២ ហើយសូវៀតបានក្រសោបយកអ៊ុយក្រែន តែម្ដង។
* ឆ្នាំ១៩៨៦៖ រ៉េទ័រនុយក្លេអ៊ែរមួយ នៅឯរោងចក្រនុយក្លេអ៊ែរសឆឺណូប៊ីល (Chernobyl) បានផ្ទុះដោយធ្វើឱ្យសាយភាយធាតុវិទ្យុកម្ម នៅទូទាំងទ្វីបអឺរ៉ុប។
* ឆ្នាំ១៩៩១៖ ខណៈសហភាពសូវៀតឈានទៅរកការដួលរលំ អ៊ុយក្រែនបានប្រកាសឯករាជ្យ។
* ឆ្នាំ២០០៤៖ បដិវត្តន៍មួយដែលគេតែងតែហៅ “បដិវត្តន៍ព៌ណទឹកក្រូច”ដោយក្រុមបាតុករលោកខាងលិច ធ្វើបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាលអ៊ុយក្រែន ជំនាន់នោះធ្វើកំណែទម្រង់។

* ឆ្នាំ២០១៤៖ នៅខែកុម្ភៈ បដិវត្តន៍ផ្កាម្លិះបានផ្ទុះឡើង ក្រោយក្រុមបាតុករបានទម្លាក់រដ្ឋាភិបាលគាំទ្ររុស្ស៉ីចេញពីអំណាច ហើយក្នុងឆ្នាំដដែលនេះដែរ រុស្ស៉ី ក៏សម្រេចចិត្តក្រសោបយកតំបន់គ្រីមៀ។
* ឆ្នាំ២០១៩៖ នៅខែមេសា, លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែន។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា នៅទីបំផុតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ “ប្រតិបត្តិការយោធា” ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៉ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

ការប្រកាសរបស់លោក ពូទីន ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញឲ្យរុស្ស៉ីបញ្ឈប់សកម្មភាពទាំងអស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here