លោកហោ ណាំហុង៖ រយៈពេលជាង៥ឆ្នាំចិនវិនិយោគទំហំទឹកប្រាក់ជាង២១ពាន់លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានអះអាងថា រយៈពេលជាង៥ឆ្នាំគិតចាប់ពីឆ្នាំ២០១៣ ដល់ខែកក្កដាឆ្នាំ២០១៨នេះ ចិនវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង២១ពាន់លានដុល្លារអាមេរិក

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងបែបនេះក្នុងឱកាសចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៨កន្លងមកនេះថា ប្រទេសចិនជាដៃគូសំខាន់ក្នុងកិច្ចការអភិវឌ្ឍ ការវិនិយោគក៏ដូចជាផ្ដល់ជំនួយនានានៅកម្ពុជា។ លោកបន្តថា ការវិនិយោគរបស់ចិនបានកែប្រែ និងបង្កើតការងារជាច្រើនដល់កម្ពុជា។ ជាក់ស្ដែងក្នុង៧ខែដំបូងឆ្នាំ ២០១៨ ការវិនិយោគរបស់ចិននៅកម្ពុជា មានទំហំទឹកប្រាក់២,៨ពាន់លានដុល្លារអាមេរិកផងដែរ។ ក្នុងនោះនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ មានក្រុមហ៊ុនចិនចំនួន១០៧ក្រុមហ៊ុនកំពុង​វិនិយោគ ដោយបង្កើតការងារដល់ពលរដ្ឋកម្ពុជារហូតដល់ជាង២,០០០ពាន់នាក់។

លោកបន្តថា ដោយសារតែភាពជិតស្និទ្ធនៃទំនាក់ទំនងប្រទេសទាំងពីរ ក្រៅពីការវិនិយោគ ប្រទេសចិនក៏ជាប្រទេសមួយផ្ដល់ជំនួយលើវិស័យជាច្រើននៅកម្ពុជា តាមរយៈជំនួយឥតសំណង ហិរញ្ញប្បទានជាកម្ចីអត់ការប្រាក់ រឺការប្រាក់ទាប ព្រមទាំងការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម័្ពន្ធ ដូចជាកសាងផ្លូវជាតិ ជិត៣ពាន់គីឡូម៉ែត្រ ស្ពានចំនួន៧ទូទាំងប្រទេស សំណង់វារីអគ្គីសនី ព្រមទាំងវិស័យសុខាភិបាល និងវិស័យកសិកម្មផងដែរ

លោកហោ ណាំហុងបានបន្តថា អ្វីកាន់តែពិសេសការរីកចម្រើននៅកម្ពុជា គឺស្របជាមួយនឹងគំនិតផ្ដួចផ្ដើម “ ខ្សែរក្រវ៉ាត់មួយ ផ្លូវមួយ” របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ ហេដ្ឋារចនាសម័្ពន្ធ  ពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្ដូរប្រជាជនជាដើម។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកស្យង់ ប៉ូបានមាន​ប្រសាសន៍ថា ឆ្នាំ២០១៨គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា ដែលកើតមានឡើងតាំងពីថ្នាក់ដឹកនាំ របស់ប្រទេសចិនជំនាន់មុន ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុមកម្លេះ។ ហើយថ្នាក់ដឹកនាំសព្វថ្ងៃរបស់ប្រទេសចិន ក៏បានមកទស្សនកិច្ចនៅកម្ពុជា និងជំរុញផ្សារភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយមាន គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម័្ពន្ធ សួនឧស្សាហកម្ម និងពង្រីកវិសាលភាពវិស័យទេសចរណ៍ និងវិស័យអប់រំជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here