ដោយ៖ សុខុម
សៀងហៃ: ភោជនីយដ្ឋានមួយនៅក្រុងសៀងហៃ ប្រទេសចិន បានបំបែកកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records) ដោយក្លាយជាភោជនីយដ្ឋានដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្រោយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ននេះនៅខែកុម្ភៈ នេះ។
យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈ ឱ្យដឹងថា ដោយស្ថិតនៅជាន់ទី១២០ នៃអគារកប់ពពក Shanghai Tower ភោជនីយដ្ឋានជាន់ខ្ពស់ Heavenly Jin នៅក្នុងសណ្ឋាគារប្រណីត J Hotel មានកម្ពស់ពីដី៥៥៦,៣៦ម៉ែត្រ។ សណ្ឋាគារ J Hotel កាន់កាប់ជាន់កំពូលនៃអគារ Shanghai Tower កម្ពស់៦៣២ម៉ែត្រដែលជាអគារខ្ពស់បំផុតនៅក្នុងប្រទេសចិន និងខ្ពស់បំផុតទី៣ ក្នុងពិភពលោក។
ក្រៅពីផ្ដល់ផ្ទាំងទស្សនីយភាពទេសភាពដ៏ល្អឆើយឆាយនៃជើងមេឃក្រុងសៀងហៃ ភោជនីយដ្ឋានជាន់ខ្ពស់នេះក៏ផ្ដល់នូវបញ្ជីមុខម្ហូបពិសេសៗ និងប្រណីតៗផងដែរ ជាពិសេសមុខម្ហូបបែបប្រពៃណីអឺរ៉ុប ជប៉ុន និងចិន។
និយាយពីការដេគ័រ ឬ ការតុបតែងលម្អវិញ ភ្ញៀវដែលចូលទៅនឹងបានឃើញផ្ទាំងគំនូរផ្គុំអ៊ីតាលី ដ៏ធំមួយផ្ទាំងដែលមានប្រវែង៣០ម៉ែត្រ ចំណែកឯតុអាហារត្រូវបានរៀបដាក់ពីក្រោមអំពូលភ្លើងគ្រីស្តាល់ចែងចាំងដែលមានសណ្ឋានដូចទឹករលកយ៉ាងប្រណីតអស្ចារ្យ។ ភោជនីយដ្ឋាននេះមានតុអាហារចំនួន២៥៦តុ និងមានបន្ទប់ស្រស់ស្រូបអាហារលក្ខណៈផ្ទាល់ខ្លួនចំនួន៥។
ចំណុចពិសេសមួយទៀតគឺ ផ្ទះបាយក្នុងភោជនីយដ្ឋាននេះបើកចំហ ដោយអនុញ្ញាតឱ្យភ្ញៀវចូលទស្សនាសកម្មភាព និងដំណើរការចម្អិនអាហារដោយផ្ទាល់។
*ក្រុងឌូបៃ បាត់បង់ជើងឯកកំណត់ត្រា
ភោជនីយដ្ឋាន Heavenly Jin បានផ្ដួលសណ្ឋាគារ At.mosphere នៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជាម្ចាស់កំណត់ត្រាចាស់។ ស្ថិតនៅកម្ពស់៤៤១,៣ម៉ែត្រ វាមានទីតាំងស្ថិតនៅជាន់ទី១២២ នៃអគារខ្ពស់បំផុតក្នុងពិភពលោក Burj Khalifa ហើយបានបើកដំណើរការក្នុងឆ្នាំ២០១១៕ CNN៕