លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មានអតីតនិស្សិតខ្មែរដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមបែបនេះ បន្ទាប់ពីព័ត៌មានបឋមពីថ្ងៃម្សិលមិញ ថាមិនមានពលរដ្ឋ ឬនិស្សិតកំពុងនៅប្រទេសអ៊ុយក្រែននោះទេ។
លោកបានបន្ថែមថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា ប្រចាំនៅរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់។







