សម្តេចតេជោដាក់ចេញការងារអាទិភាព៤ចំណុច ដើម្បីឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

0

ដោយ: ម៉ាលីស

ភ្នំពេញៈ ការងារអាទិភាពចំនួន៤ចំណុច ត្រូវបានដាក់ចេញ តាមរយៈសារលិខិតរបស់សម្តេចតេជោ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២២ ដែលធ្វើឡើង ក្រោមប្រធានបទ “ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023)។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិ ទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមដាក់ ចេញនូវការងារអាទិភាពដូចជា

ទី១ គ្រប់ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋា​នគតិយុត្តិ ដែលបានដាក់ចេញរួមមាន៖ “វិធានសុវត្ថិភាព ទេសចរណ៍” “នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍” ស្រ​បតាមគន្លង ប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងស្តារនូវទំនុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះ ត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានីខេត្ត ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។

ទី២ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញ ការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្ដល់ផ្លែផ្កាចូលរួម ទ្រទ្រង់ដល់ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ រួមមាន៖ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ “វិធានការ គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” និង ”ផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង” ។

ទី៣ គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការ អប់រំសង្គមនិងផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជាស្អាត” ឱ្យបានកាន់តែសកម្មនិងផុសផុល សំដៅសម្រេច បានការអភិវឌ្ឍប្រកប​ដោយភាពស្អាត និងបៃតងនៅក្នុងទីក្រុង និងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

 

ទី៤ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេស ទម្លាប់នៃការរស់នៅជាមួយ ភាពស្អាត និងអនាម័យ រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here