ដោយគង់ សូរិយា
ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង បានបង្ហាញបហិច្ឆតា នៃការពង្រីកសក្តានុពលក្រុមហ៊ុន Keller Williams Cambodia ដែលលោកបានទិញយក Master Franchise ពីសហរដ្ឋអាមេរិកមកបើកដំណើរការនៅកម្ពុជា។
មានប្រសាសន៍ក្នុងពេលចូលរួមវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េកាលពីថ្ងៃទី២៥ កញ្ញាកន្លងមកនេះ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបានទិញ Master Franchise របស់ក្រុមហ៊ុននេះមកកម្ពុជា បានមានប្រសាសន៍ថា ក្រោយបើកដំណើរក្រុម Keller Williams Cambodia នឹងទទួលបានជោគជ័យ ហើយរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹងមានសមត្ថភាពគ្រប់គ្រងទីផ្សារ ៣០ភាគរយ។
-->
លោកបានអះអាងថា នឹងប្រើពេល ៣ឆ្នាំ ដើម្បីបញ្ជាក់មូលហេតុក្នុងការទិញយក Master Franchise ពីក្រុមហ៊ុនដ៏ល្បីរបស់សហរដ្ឋអាមេរិក Keller Williams Realty មកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញវិស័យដីធ្លីកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ។
តាមគម្រោងក្រុមហ៊ុន Keller Williams Cambodia នឹងបើកសម្ពោធផ្លូវការ នៅខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដោយផ្ដើមចេញពី ៤សាខា និងមានភ្នាក់ងារ ២០០នាក់ជាសមាជិក។ អ្វីដែលពិសេសបច្ចុប្បន្ននេះ មានឧកញ៉ាដ៏ធំក្នុងស្រុកមួយ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន ទើបនាំចូលពីសហរដ្ឋអាមេរិកនេះ ។

លោក គីម ហ៊ាង បានបន្តថា មុនលោកនាំយកក្រុមហ៊ុនដីធ្លីដ៏ល្បីអាមេរិកមកកម្ពុជា លោកបានប្រើពេលសិក្សា និងចរចារយៈពេល៥ឆ្នាំ។ ប៉ុន្ដែដោយសារនេះគឺជាក្រុមហ៊ុនថ្មី គឺទាមទារយៈពេលយូរ ដើម្បីបញ្ជ្រាបពីគោលបំណងសំខាន់ៗ ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើនដល់ក្រុមហ៊ុនអចលនទ្រព្យ និងអ្នករកស៊ីវិស័យដីធ្លី ដែលចង់ក្លាយជាសមាជិក ។ តែលោកសុំពេលរយៈពេល៣ឆ្នាំ ដើម្បីបង្ហាញនូវសមិទ្ធិផលមួយ ដែលអាចផ្លាស់ប្ដូរទីផ្សារកម្ពុជា១៨០ឌឺក្រេ ។

ដោយសារវិស័យសំណង់ និងអចលនទ្រព្យមានភាពរីកចម្រើនខ្លាំងនៅកម្ពុជា ក្រុមហ៊ុនអន្តរជាតិជាច្រើនបានចូលមកកាន់ទីផ្សារនេះ ដូចជា ក្រុមហ៊ុន Century21 Cambodia ក្រុមហ៊ុន ERA ក្រុមហ៊ុន Knight Frank ក្រុមហ៊ុន CBRE Cambodia ជាដើម៕