ដំណឹងល្អៈ កម្ពុជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកធុរកិច្ចថ្មីដាក់ឈ្មោះសម្តេចតេជោ

ចែករំលែក

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបាន​សម្រេចបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ” (Techo Startup Centre ) ដើម្បីផ្សារភ្ជាប់រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា ជាពិសេ​ស​ដើម្បីជួយជំរុញឲ្យមានការរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យមនិងធុរកិច្ចថ្មី ស្របតាមនិន្នាការសេដ្ឋកិច្ចឌីជីថល។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងកាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨កន្លងមកថា ​ដើម្បីជួយជំរុញឲ្យមានការរីកចម្រើន ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីស្របតាមសេដ្ឋកិច្ចឌីជីថល, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន“មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ” គឺត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា។

មជ្ឈមណ្ឌលមានទីតាំងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្តោតលើការពង្រឹងសហគ្រិនភាព តាមរយៈការបង្កើតនិងបណ្តុះ បណ្តាលអ្នកធុរកិច្ចថ្មីៗផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់ បណ្តាញការងារ ការសិក្សាស្រាវ​ជ្រាវ និងពិគ្រោះយោបល់លើបំណិនសហគ្រិន ពិសេសគាំទ្រដល់យុវជនកម្ពុជាដែលមាននិន្នការចាប់យកបច្ចេកវិទ្យា ឱ្យមានកន្លែងធ្វើការ និងសិក្សាស្រាវជ្រាវជាក្រុម ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកបន្តថា “ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចតុកោ​ណដំណាក់កាលទី៤ ស្តីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងបណ្តាញបច្ចេកវិទ្យាឌីជីថលបានបង្កើតឱ្យមានវិសា​លភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយខុសពីមុន ដែលធ្វើឱ្យមានការផ្លាស់ប្តូរពីការធើ្វពាណិជ្ជកម្មតាមបែបប្រពៃណី មកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាញអ៊ិនធឺណិត”។ លោកបន្តថា“បរិបទថ្មីនេះតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងកែសម្រួលគោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងៗ ឱ្យស្របទៅតាមនិន្នាការនេះ ដើម្បីចាប់យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចជាកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យាទាំងនេះ”។

បច្ចុប្បន្ននិន្នាការសេដ្ឋកិច្ចឌីជីថល ក្នុងប្រទេសកម្ពុជា បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាមប្រព័ន្ធអ៊ិនធឺណិត ប៉ុន្តែកម្ពុជាមិនទាន់មានយន្តការជាក់លាក់ ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះកំពុងតែត្រូវបានគិតគូរ ទាំងក្នុងក្របខណ្ឌសាកលនិងតំបន់។លោកអូន ព័ន្ឋមុនីរ័ត្នបញ្ជាក់។

លោកបន្តថា តាមរយៈលទ្ធផលនៃការសិក្សាបឋម កម្ពុជាកំពុងស្ថិតនៅក្នុងដំណា​ក់កាលដំបូង ឬដំណើរចាប់ផ្តើម នៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថល ដែ​លនឹងតម្រូវឱ្យយើងត្រូវគិតគូរជាចម្បង នូវការជួយជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ឱ្យកាន់តែរីកចម្រើនថែមទៀត ឈានដល់“ដំណាក់កាលរីកចម្រើន” ស្របនឹងនិន្នាការរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ប្រជាជនកម្ពុជាជាច្រើន បានកំពុងតែទទួលផលពីការរីកចម្រើននៃបច្ចេក វិទ្យាឌីជីថលនេះ ដូច្នេះកម្ពុជាត្រូវបង្កើតជាបរិស្ថានអំណោ​យផល ជាប្រព័ន្ធអេកូឡូហ្សី ដែលគាំទ្រដល់ការរីកចម្រើន ដែលរួមមានការ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្នែករឹង ផ្នែកទន់ និងផ្នែកឌីជីថល រួមទាំង ការវិនិយោគលើធនធានមនុស្ស និងជំនាញឱ្យស្របតាមតម្រូវការទីផ្សារក្នុងប្រទេស និងតំបន់ផងដែរ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ បានប្រកាសបង្កើតមូលនិធិស​ហគ្រិនភាព ដើម្បីជំរុញនិងលើកទឹកចិត្តដល់សហគ្រិន ពិសេសអ្នកចង់ប្រឡូកក្នុងវិស័យ ជំនួញឲ្យទទួលបានការបណ្តុះបណ្តាល និងមូលនិធិដើម្បីបង្កើតអាជីវកម្មរបស់ពួកគេឲ្យ​ទទួលបានជោគជ័យ៕


ចែករំលែក