ដោយៈសុខុម
សៀងហៃ: ទីផ្សារហ៊ុននៃបណ្ដាក្រុមហ៊ុនទូទាត់ប្រាក់ របស់ប្រទេសចិន ស្រាប់តែហក់ឡើងស្រឺតៗនៅថ្ងៃច័ន្ទ ទី២៨ កុម្ភៈ នេះ ស្របពេលសហរដ្ឋអាមេរិក និងអឺរ៉ុបកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់សកល SWIFT។
ស្ថានភាពនេះ បានធ្វើប្រព័ន្ធទូទាត់ប្រាក់ឆ្លង ប្រទេសរបស់ប្រទេសចិន ទទួលបានផលប្រយោជន៍យ៉ាងធំធេង និងជាឱកាសមាសសម្រាប់ព ន្លឿនការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ដោយបង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក្រោយបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២៦ កុម្ភៈ ថា ពួកគេនឹងកាត់ផ្ដាច់ធនាគារធំៗ របស់រុស្ស៊ី ចេញពីប្រព័ន្ធទូទាត់សកលដ៏សំខាន់ SWIFT ហើយបានប្រកាសពីវិធានការផ្សេងៗទៀត រួមទាំងការបង្អកទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលរុស្ស៊ី ចំនួន៦៣០ពាន់លានដុល្លារអាមេរិកផងដែរ។
ផ្សារហ៊ុនរបស់បណ្ដាក្រុមហ៊ុនចិន ឈានមុខគេដែលចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ សម្រាប់រូបិយប័ណ្ណយ័ន ឌីជីថល រួមមានទាំងក្រុមហ៊ុន Newland Digital Technology Co ក្រុមហ៊ុន Lakala Payment Co និងក្រុមហ៊ុន Client Service International Inc ផងដែរនោះបានហក់ឡើងយ៉ាងខ្លាំង។
លោកDang Congyu អ្នកវិភាគនៅក្រុមហ៊ុនចិន Founder Securities បានលើកឡើងថា ការដាក់ទណ្ឌដោយកាត់ផ្ដាច់ ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់សកល SWIFT “គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមានអំណោយផល ជួយពន្លឿនដំណើរការធ្វើបដិដុល្លារនីយកម្ម (ការឈប់ប្រើប្រាក់ដុល្លារ ជំនួសរូបិយប័ណ្ណជាតិ)”។
អ្នកវិភាគរូបនេះបានបន្ថែមទៀតថា “ទោះបីវាពិបាកនឹងជំនួសប្រព័ន្ធទូទាត់សកល SWIFT ក្នុងរយៈពេលខ្លីយ៉ាងណាក៏ដោយ ក៏ឧប្បត្តិហេតុនេះ ផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះការធ្វើសកលភាវូបនីយកម្មរបស់រូបិយប័ណ្ណយ័នក្នុងរយៈពេលវែង”៕ Reuters៕