ដោយ: ម៉ាលីស
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន២ ដែលមានទឹកប្រាក់សរុបប្រមាណ៤១លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា គម្រោងទាំងពីរ ដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងនេះ រួមមាន ទី១ ការបោសសម្អាតមីនប្រកប ដោយសមាហរណកម្ម និងស ង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២០០០ លានយ៉េន (ប្រមាណ១៧លានដុល្លារអាមេរិក)។
ទី២ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន២៧៨៦លានយ៉េន (ប្រមាណ២៤លានដុល្លារអាមេរិក)។
ក្រសួងការបរទេស បានលើកឡើងបន្ថែមថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕