ដោយៈសុខុម
សេអ៊ូល: របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី២៨ កុម្ភៈ ថា កូរ៉េខាងត្បូង បានជាប់ជាប្រទេសផលិត រថយន្តបានច្រើនបំផុតទី៥ ក្នុងពិភពលោកក្នុងឆ្នាំ២០២១។
ការផលិតនេះ បានធ្វើឲ្យកូរ៉េរក្សាបានតំណែងនេះ២ឆ្នាំជាប់គ្នាអំឡុងពេលកំពុងប្រឹងប្រែងទប់ការធ្លាក់ចុះ ដោយសារកង្វះបន្ទះឈីបរថយន្តទូទាំងពិភពលោក ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩។
យោងតាមរបាយការណ៍របស់សមាគម ក្រុមហ៊ុនផលិតរថយន្តកូរ៉េ ហៅកាត់ KAMA នេះឱ្យដឹងថា ទិន្នផលផលិតរថយន្តរួមបញ្ចូលគ្នា ដោយក្រុមហ៊ុនកូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia ផងដែរនោះបានឈានដល់ចំនួន៣,៤៦លានគ្រឿង គិតត្រឹមដំណាច់ឆ្នាំ២០២១ ដោយធ្លាក់ចុះ១,៣%បើធៀបនឹងឆ្នាំ២០២០។
របាយការណ៍ដដែលបង្ហាញថា ប្រទេសចិន រក្សាបានតំណែងកំពូលលេខ១ រយៈពេល១៣ឆ្នាំជាប់គ្នា ដោយផលិតរថយន្តបានរហូតដល់ទៅ២៦,១លានគ្រឿងក្នុងឆ្នាំ២០២១ បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលផលិតបាន៩,១៥លានគ្រឿង ប្រទេសជប៉ុនផលិតបាន៧,៨៤លានគ្រឿង និងប្រទេសឥណ្ឌា ផលិតបានចំនួន៤,៣៩លានគ្រឿង។
ទិន្នផលផលិតរថយន្តសរុបទូទាំងពិភពលោក បានកើនឡើង២% ឈានរហូតដល់៧៩,៧លានលានគ្រឿង។
សមាគម KAMA បានលើកឡើងក្នុងរបាយការណ៍នោះថា “ទោះបីជាមានកត្តា មិនអំណោយផលជាបន្តបន្ទាប់ ដូចជាវិបត្តិកង្វះបន្ទះឈីបជាសកលជាដើមក្ដី ក៏កូរ៉េខាងត្បូង នៅតែអាចកាត់បន្ថយផលប៉ះពាល់ តាមរយៈការគ្រប់គ្រងសារពើភណ្ឌ និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីទទួលបានបន្ទះឈីប”។
របាយការណ៍បានកត់សម្គាល់ថា នៅទូទាំងពិភពលោក ឧស្សាហកម្មផលិតរថយន្តមិនទាន់ស្ទុះងើបឡើង ឈានដល់កម្រិតមុនពេលផ្ទុះការឆ្លងរីករាលដាលវីរុសកូវីដ-១៩ នៅឡើយទេដោយសារ ការរាំងស្ទះញឹកញាប់នូវការផ្គត់ផ្គង់បន្ទះឈីបទូទាំងពិភពលោក និងការផ្ទុះរលកឆ្លងថ្មីៗដែលបង្កឡើងដោយសារវីរុសបំប្លែងខ្លួនថ្មីៗ៕ Korea Times៕