ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានតម្រូវឲ្យម្ចាស់អចលនទ្រព្យ (ម្ចាស់ដី) ត្រូវរក្សាទុកដី ២៥ភាគរយ សម្រាប់បណ្តាញផ្លូវសាធារណៈជាចំណាត់ការមួយ ដែលគួរទទួលបានការស្វាគមន៍។
យោងតាមសេចក្តីប្រកាសស្ដីពីការអភិវឌ្ឍដី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥កញ្ញាកន្លងមក ក្រសួងបានកំណត់អោយម្ចាស់អចនទ្រព្យ ត្រូវតែរក្សាទុកផ្ទៃដីចំនួន២៥ភាគរយ សម្រាប់បណ្ដាញផ្លូវសាធារណៈ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកង្វក់ លូទឹកភ្លៀង បណ្ដាញអគ្គីសនី បណ្ដាញទូរគមនាគមន៍ ប្រព័ន្ធគ្រប់គ្រងកាកសំណល់ ប្រព័ន្ធគ្រប់គ្រងអគ្គីសភ័យ និងត្រូវរក្សាទុកផ្ទៃដីចំនួន១០ភាគរយ នៃផ្ទៃដីសរុបសម្រាប់ការរៀបចំ សួនច្បារសាធារណៈ កន្លែងក្មេងលេង ទីហាត់ប្រាណជាដើម។
-->
ការអភិវឌ្ឍដីសំដៅលើការរៀបចំដី តាមរយៈការប្ដូរប្រភេទនៃការប្រើប្រាស់ដី ការប្ដូរមុខងារដីតំបន់ប្រើប្រាស់ដី ការធ្វើសមាហរណកម្មក្បាលដី ការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែប្រែរចនាសម្ព័ន្ធនៃដី រឺការបង្កើនដង់ស៊ីតេនៃការប្រើប្រាស់ដី ក្នុងគោលដៅមួយចំនួនដូចជា សាងសង់លំនៅឋាន អាគារពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មជាដើម។

លោកប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ការអភិវឌ្ឍដីនៅតាមរាជធានី ខេត្តក្នុងកម្ពុជា មានភាពល្អប្រសើរជាខ្លាំង ស្របពេលដែលការអភិវឌ្ឍដីធ្វើអោយមានការវិនិយោគ ក៏ដូចជាជំរុញអោយមានការរីកលូតលាស់សំណង់អាគារកាន់តែច្រើនផងដែរ។ តែក្នុងនោះក្នុងក៏ទាមទារ អោយមានការគ្រប់គ្រងអោយបានល្អ ពីមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ត្រីពាក់ព័ន្ធមានសមត្ថិកិច្ចដទៃទៀត។
ក្នុងគោលដៅគ្រប់គ្រងការអភិវឌ្ឍដីគ្រប់ប្រភេទ អោយមានប្រសិទ្ធភាព ស្របតាមក្បួនច្បាប់ និងធានាបានការអភិវឌ្ឍ ក្រសួងបានចេញផ្សាយនូវប្រកាសស្ដីពី ការអភិវឌ្ឍដីផងដែរ ដើម្បីអោយរាល់ការអភិវឌ្ឍដីទាំងអស់ មានការសុំអនុញ្ញាតតាមច្បាប់ត្រឹមត្រូវ ក៏ដូចជាអនុវត្តតាមប្រកាសស្ដីពី ការអភិវឌ្ឍដី៕