ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្របពេលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនកំពុងកើតឡើងនិងក្ដៅគគុក សេដ្ឋកិច្ចវិទូកម្ពុជាមួយរូបបានមើលឃើញថា បើសង្គ្រាមនេះអូសបន្លាយយូរ វានឹងបង្កផលប៉ះពាល់ដល់ការនាំចេញ ផលិតផលមួយចំនួនរបស់កម្ពុជា តែក៏ឱកាសមួយសម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសអឺរ៉ុប។

-->
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិននៃរាជ្យបណ្ឌិត្យសភា កម្ពុជាបានមានប្រសាសន៍ តាមប្រព័ន្ធតេលេក្រាមឱ្យដឹងថា បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនអាចបញ្ចប់នៅពេលឆាប់ៗនេះទេ ផលប៉ះពាល់មកកម្ពុជាប្រាកដជាមាន ជាពិសេសគឺការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុប លើផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ដោយសារតែផលិតផលនេះភាគច្រើន បាននាំចេញទៅកាន់ប្រទេសអឺរ៉ុប។
លោកបន្តថា “យ៉ាងណាក្ដី បើសិនជាបណ្ដាប្រទេសអឺរ៉ុប ជាប់ដៃធ្វើ សង្គ្រាម ការបង្កបង្កើនផលម្ហូបអាហារ នឹងត្រូវបានកាត់បន្ថយដូច្នេះហើយវាអាចនឹងមានតម្រូវការ លើស្បៀងអាហារពីកម្ពុជាបន្ថែមវិញ”។

លោកគី សេរីវឌ្ឍន៍បណ្ឌិតបន្តថា ការបញ្ជាទិញទំនិញរបស់កម្ពុជាពីសំណាក់បណ្ដាប្រទេសអឺរ៉ុប បច្ចុប្បន្ននេះ មានប្រមាណ៨ពាន់លានដុល្លារអាមេរិក ហើយបើសិនជាបណ្ដាប្រទេសទាំងជាប់ពាក់ព័ន្ធ នឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យបាត់បង់ការបញ្ជាទិញ យ៉ាងហោចណាស់ពាក់កណ្ដាល ឬប្រមាណ៤ពាន់លានទៅ៥ពាន់លានដុល្លារអាមេរិក ។
លោកកបណ្ឌិតបន្ថែមថា យ៉ាងណាក្ដីសេដ្ឋកិច្ចកម្ពុជា ក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួនមួយចំនួនផងដែរ ជាក់ស្ដែងកម្ពុជាមិនមែននាំចេញ តែផលិតផលវាយនភណ្ឌ ទៅកាន់ប្រទេសអឺរ៉ុបមួយមុខទេ តែកម្ពុជាបានចេញផលិតផលវាយនភណ្ឌ និងសម្ភារៈផ្សេងទៀត ទៅបណ្ដាប្រទេសក្រៅពីអឺរ៉ុប ហើយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនវាប៉ះពាល់ដល់ប្រទេសជិតៗតំបន់នោះ តែកម្ពុជាក៏អាចនាំចេញទំនិញរបស់ខ្លួន ទៅកាន់ប្រទេសឆ្ងាយពីតំបន់សង្គ្រាមបានដែរ ដូចជាទៅបារាំង អាល្លឺម៉ង់ ។

លោកបណ្ឌិតបញ្ជាក់ថា ទន្ទឹមនឹងវិបត្តិនៃសង្គ្រាមនេះ ក៏មានបណ្ដាប្រទេសមួយចំនួន មិនរងផលប៉ះពាល់ និងមានការងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួនវិញ និងធ្វើឱ្យតម្រូវការទំនិញពីកម្ពុជាកាន់តែច្រើនឡើង។ ដូច្នេះកម្ពុជាអាចបង្កើនការនាំចេញបន្ថែម ទៅកាន់ប្រទេសទាំងនោះដូចជាសហរដ្ឋអាមេរិកជាដើម៕