ដោយៈ សុផារី
ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចទើបនឹងអនុម័តបញ្ចេញថវិកា ចំនួនជាង៥លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីដោះស្រាយផលប៉ះពាល់ លើការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចថ្លែងថា សម្តេចទើបនឹងចុះហត្ថលេខា បញ្ចេញប្រាក់ជាង៥លានដុល្លារបន្ថែមទៀត ដែលនេះជាជំហានទី៣២ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកា ទាក់ទងនឹងការដោះស្រាយផលប៉ះពាល់ពីការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។
សម្តេចបានថ្លែងថា “ផ្លូវខ្សែក្រវ៉ាត់ក្រុង ប្រហែលជាស្រូបលុយបដិភាគច្រើនជាងលុយនៃការអភិវឌ្ឍពិតប្រាកដ”។ សម្តេចបន្តថា“ចំនួនប្រាក់ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋចិន ជាមួយនឹងប្រាក់ដែលរាជរដ្ឋាភិបាល បានបញ្ចេញ ក្នុងការដោះស្រាយផលប៉ះពាល់ចំនួន៣២លើក យ៉ាងហោចណាស់ប្រហែលជា៦០លានដុល្លារួចទៅហើយ”។
ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងសរុប៥២,៩៨៣គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ។ ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ កាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ និងភាពយឺតយ៉ាវនៃការធ្វើដំណើរ។
សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំតែងតែប្រាប់ឲ្យមានការសន្សំសំចៃ។ គម្រោងណាក៏ដោយ ទោះបីជាគម្រោងជំនួយឥតសំណងក៏ដោយ គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ក៏ដោយ ត្រូវតែមានថវិកាបដិភាគ បើគ្មានថវិកាបដិភាគទេគឺយើងមិនអាចធ្វើបាន”។
ទាក់ទងនឹងផលលំបាក ក្នុងការដោះស្រាយផលប៉ះពាល់លើគំរោងហេដ្ឋារចនាសម្ព័ន្ឋនានា សម្តេចតេជោបានថ្លែងថា ប្រសិនបើគំរោងនោះផ្តល់ផលប្រយោជន៍ធំដល់ជាតិ និងប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមួយចំនួនមិនព្រមសម្របសម្រួលដោះស្រាយ រដ្ឋាភិបាលនឹងប្រើប្រាស់ច្បាប់អស្សាមីករណ៍ ដែលអាចដកហូតនិងផ្តល់សំណងជូនប្រជាពលរដ្ឋ ដោយយកច្បាប់នេះមកប្រើប្រាស់។
សម្តេចបានលើកឧទាហរណ៍ជាក់ស្តែងមកបញ្ជាក់ថា “ជាក់ស្តែងការដោះស្រាយលើគំរោងសាងសង់ស្ពានអ្នកលឿន ប្រជាពលរដ្ឋតែពីរគ្រួសារមិនព្រមចាកចេញ និងទទួលយកសំណង ប៉ុន្តែនៅពេលគ្រឿងចក្រសំរាប់់ឈូសឆាយទៅដល់ ទើបពួកគេព្រមទទួលយក”៕