ដោយៈសុផារី
ភ្នំពេញៈ ក្រុងភ្នំពេញបាននិងកំពុងរីកមុខមាត់ ដោយសង្គេតឃើញមានការរីកដុះដាលនៃអគារ អគារការិយាល័យ ខុនដូ សំណង់បុរី ផ្ទះល្វែង ជាច្រើន។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានសំណង់បុរី ផ្ទះល្វែងចំនួន៣១០កន្លែង អគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន១៦០៣ អគារ។ លោកលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។
-->
បើតាមលោកឃួង ស្រេង រដ្ឋបាលរាជធានីបានពិនិត្យផ្តល់យោបល់លើប្លង់ ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង២ពាន់លានដុល្លារអាមេរិក។

លោកបានមានប្រសាសន៍ថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩ ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ យើងមានសំណង់បុរី បណ្ដុំផ្ទះល្វែងចំនួន៣១០កន្លែង អគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន១៦០៣អគារ។
លោកបន្ថែមថា រដ្ឋាភិបាលបានពិនិត្យផ្តល់យោបល់ លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក។

ចំណែកចំនួនអាជីវកម្មដ្ឋាន ក៏មិនមានការថយចុះឡើយ ក្នុងនោះ រោងចក្រវិនិយោគមានចំនួន៧៥៤ និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានចំនួន៥១៧៤មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុប២០៥០ ពាន់លានដុល្លាអាមេរិក បានផ្តល់ការងារជូនកម្មករ- កម្មការិនីជាង៦សែន (៦៣១ ៥៦៧) កំពុងដំណើរការយ៉ាងសកម្ម៕