តើសេដ្ឋកិច្ចរុស្ស៊ី នឹងអាចដួលរលំទេ ហើយប្រទេសនេះងាកទៅខាងណាដើម្បីសេដ្ឋកិច្ចរបស់ខ្លួន?

0

ដោយ សុខុម

ក្រុងឡុងដ៍: លោកខាងលិចបានដាក់ទណ្ឌកម្មធ្ងន់ៗជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសនេះចូលអ៊ុយក្រែន។ ហើយការដាក់ទណ្ឌកម្មជុំចុងក្រោយធ្វើឡើងដើម្បីបង្កឱ្យមានវិបត្តិធនាគារ ផ្ដួលការការពារផ្នែកហិរញ្ញវត្ថុរបស់ក្រុងមូស្គូ និងរុញច្រានសេដ្ឋកិច្ចរុស្ស៊ី ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។

ក្រុមអ្នកវិភាគបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រគេមិនធ្លាប់ឃើញប្រទេសរុស្ស៊ី ទទួលរងការដាក់ទណ្ឌកម្មច្រើន និងធ្ងន់ធ្ងរដូចពេលនេះឡើយ។ អ្នកវិភាគនិយាយទៀតថា មានហានិភ័យខ្ពស់ដែលប្រទេសរុស្ស៊ី អាចប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ដែលកំពុងរុញច្រានឱ្យធនាគារធំៗបំផុតរបស់ខ្លួនស្ថិតលើមាត់ជ្រោះមរណៈ ពោលគឺការដួលរលំ។

ក្រុមមន្ត្រីលោកខាងលិចបានចាត់ទុកយុទ្ធនាការដាក់ទណ្ឌកម្មរបស់ពួកគេថាជាសង្រ្គាមសេដ្ឋកិច្ច ដែលធ្វើឡើងក្នុងបំណងដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយរុញច្រានប្រទេសរុស្ស៊ី ឱ្យដួលរលំ បើទោះបីជាការដាក់ទណ្ឌកម្មនានាអាចនឹងត្រូវការពាររាប់ឆ្នាំទម្រាំបំផ្លាញការការពារសេដ្ឋកិច្ចរបស់រុស្ស៊ី បានយ៉ាងណាក៏ដោយ។

លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីថ្ងៃអង្គារ ទី០១ មីនា ថា “យើងនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ដួលរលំ”។

ទោះជាយ៉ាងណា ដោយសាររុស្ស៊ី ជាប្រទេសផ្គត់ផ្គង់ថាមពលពិភពលោក ការធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ដួលរលំគឺមិនងាយស្រួលឡើយ។

ទិន្នន័យបង្ហាញថា ជិត៤០%នៃឧស្ម័នធម្មជាតិ និង២៥%នៃប្រេងដែលអឺរ៉ុប ប្រើប្រាស់ គឺទទួលបានការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ហើយការរាំងស្ទះណាមួយចំពោះការនាំចេញទាំងនោះនឹងធ្វើឱ្យតម្លៃប្រេង និងឧស្ម័នទូទាំងពិភពលោកហក់ឡើងកាន់តែខ្ពស់។

* តើប្រទេសរុស្ស៊ី ងាកទៅខាងណាដើម្បីសេដ្ឋកិច្ចរបស់ខ្លួន?

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី០១ មីនា ឱ្យដឹងថា ប្រទេសចិន និងរុស្សី កាន់តែមានភាពស្និទ្ធស្នាលខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងជាដៃគូពាណិជ្ជកម្មផងដែរ ហើយទំនាក់ទំនងនាំមកនូវទាំងឱកាស និងហានិភ័យ នៅពេលរុស្ស៊ី កំពុងប្រឹងរើខ្លួនចេញពីទណ្ឌកម្មថ្មីៗ និងធ្ងន់ៗដែលដឹកនាំដោយលោកខាងលិចនៅក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន។

ទិន្នន័យគយរបស់ប្រទេសចិន បង្ហាញថា ពាណិជ្ជកម្មសរុបរវាងប្រទេសចិន និងប្រទេសរុស្ស៊ី បានកើនឡើង៣៥,៩%កាលពីឆ្នាំមុន ដល់១៤៦,៩ពាន់លានដុល្លារអាមេរិក ដោយប្រទេសរុស្ស៊ី ជាប្រភពដ៏ធំនៃប្រេង ឧស្ម័ន ធ្យូងថ្ម និងទំនិញកសិកម្មផ្សេងៗសម្រាប់ប្រទេសចិន។

ដូចនេះសរបង្ហាញឱ្យឃើញថា ខណៈលោកខាងលិចសម្រុកបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសរុស្ស៊ី មានប្រទេសចិន ជាខ្នងបង្អែកសេដ្ឋកិច្ច ព្រោះជាដៃគូពាណិជ្ជកម្មយក្សដែលអាចជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តរស់រាន៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here