ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ស្ពានឆ្លងទន្លេពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ត្រូវបានជ្រើសរើសទីតាំងរួចជាស្រេច សម្រាប់ត្រៀមរៀបចំដំណើរការសាងសង់ដែលចំណុចតភ្ជាប់គឺពីចំណុចផ្សារចាស់ ( ផ្សាររាត្រី) ឆ្ពោះទៅកាន់តំបន់អរិយក្សត្រផ្ទាល់តែម្ដង ។
ព័ត៌មានជុំវិញចំណុចតភ្ជាប់នេះ នឹងធ្វើឱ្យសក្ដានុពល និងតម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រនឹងហក់ឡើងមួយកម្រិតទៀត។
អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងនាព្រឹកថ្ងៃទី៣ មិនានេះថា អរិយក្សត្រជាតំបន់ដែលមិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ គឺវាបាំងតែទន្លេមួយប៉ុណ្ណោះ គ្រាន់តែការឆ្លងកាត់មកភ្នំពេញ និងពីភ្នំពេញ ទៅអរិយក្សត្រត្រូវឆ្លងកាត់ ដោយធ្វើដំណើរតាមសាឡាង។
អ្នកស្រីបន្តថា “ដូច្នេះបើសិនជាតំបន់ទាំងពីរ មានស្ពានតភ្ជាប់ត្រង់ នឹងធ្វើឱ្យតំបន់ទាំងពីរកាន់តែខិតជិតគ្នា ហើយនឹងភ្ជាប់តំបន់ទាំងនេះតែមួយ”។លោកស្រីបន្តថា “មិនយូរមិនឆាប់នៅតំបន់អរិយក្សត្រ នឹងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធបន្ថែម ការអភិវឌ្ឍទៅលើលំនៅឋាន ក៏ដូចជាវិស័យដីធ្លីនៅតំបន់នោះផងដែរ ខណៈតំបន់នេះក៏ឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស”។
តម្លៃដីធ្លី នៅតំបន់អរិយក្សត្រ ត្រូវបានហក់ឡើងម្ដងរួចទៅហើយកាលពីអំឡុងមុនកូវីដ១៩ ដោយកាលនោះវិនិយោគិនចិន និងភ្នាក់ងារអចលនទ្រព្យក្នុងស្រុកជាច្រើន បានស្វែងរកដីនៅតំបន់នោះ ដើម្បីត្រៀមទុកវិនិយោគដោយរំពឹងពីការតភ្ជាប់ស្ពានភ្នំពេញ អរិយក្សត្រ ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងថា តំបន់អរិយក្សត្រជាតំបន់មួយ ដែលមានសក្ដានុពលមួយនៅជិតរាជធានីភ្នំពេញ ហើយបើទោះបីជាតំបន់នេះ ស្ថិតនៅក្នុងខេត្តកណ្ដាលក៏ដោយក៏តំបន់នេះ មិនឆ្ងាយពីភ្នំពេញទេ ដូច្នេះបើសិនជាវាមានស្ពានឆ្លងពីភ្នំពេញ ដោយមិនបាច់ឆ្លងសាឡាង នោះតំបន់អរិយក្សត្រនឹងកាន់តែមានសន្ទុះទៅលើដីធ្លីនិងការអភិវឌ្ឍ ។
តំបន់អរិយក្សត្រ មានគម្រោងមួយចំនួនកំពុងត្រៀមរៀបចំ ក្នុងការអភិវឌ្ឍផងដែរ ដោយបានរៀបចំទីតាំងរួចហើយផងដែរ ហើយតំបន់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ជាច្រើន ពីការអភិវឌ្ឍនៅក្នុងតំបន់អរិយក្សត្រ ជាពិសេសពីការតភ្ជាប់ស្ពានភ្នំពេញ អរិយក្សត្រនេះ៕