ដោយ: ម៉ាលីស
ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រកាសជូនដំណឹងដល់ប្រធានក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់នៅកម្ពុជា មិនអនុញ្ញាតឱ្យសាងសង់ ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុ ញ្ញាតឡើយ។

យោងតាមសេចក្តីជូនដំណឹង ធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដោយក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ឬសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីអាជ្ញាធរមន្ត្រីមានសមត្ថកិច្ចឡើយ។


-->
ការមិនអនុញ្ញាត្តនេះ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្ដីពី ធ្លាគំលាត សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខមាលភាព របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឲ្យមានវិវាទ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មសាងសង់ និងដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុនឬក្រុមជាង ដូចជា ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្រឹបអូស ស្នើរសុំសម្ភារៈបរិក្ខា និងឧបករណ៍ផ្សេងៗទៀត ការផ្តន្ទាទោសពិន័យជាប្រាក់ រឺដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុនឬក្រុមជាង ការដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសម្រេចសេចក្តីផ្ដន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសជាសាធារណៈ៕