រដ្ឋាភិបាលចិនពិចារណាគាំទ្រគម្រោងកែលម្អផ្លូវជាតិសំខាន់ចំនួន៣បន្ថែមទៀត

0

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ គម្រោងកែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ពី DBST ទៅ AC ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ ក្រោមការគាំទ្រពីប្រទេសចិន។

ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត ដែលផ្តល់មូលនិធិដោយប្រទេសចិន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនកំពុងពិចារណា ក្នុងការគាំទ្រប្រទេសកម្ពុជា លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន។

លោក វ៉ាង វិនធាន បានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តផ្តល់ជំនួយដើម្បីជួសជុលបណ្តាញផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជា តាមលទ្ធភាពដែលប្រទេសចិនអាចធ្វើបាន។
លោកបានបន្តថា “ផ្លូវជាតិលេខ៣១ ៣៣ និង៤១ ដែលរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់សង្ឃឹមថានឹងបើកការដ្ឋាននៅក្នុងឆ្នាំនេះ”។

ផ្លូវជាតិលេខ៤១ គឺជាផ្លូវដឹកជញ្ជូនផ្លូវគោកដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ និងលេខ៤។ ទន្ទឹមនឹងនោះ ផ្លូវជាតិលេខ៣១ កំពុងតភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈផ្លូវជាតិលេខ៣៣ ក៏ជាផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីទីរួមខេត្តកែប ទៅស្រុកកំពង់ត្រាចផងដែរ។

លោកបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវថ្នល់បែបនេះ គឺទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងសុខុមាលភាពប្រជាជនកម្ពុជា។
លោកបានបន្ថែមថា រដ្ឋាភិបាលចិនក៏កំពុងពិចារណាជួយជួសជុលផ្លូវមួយខ្សែរវាងខេត្តកំពត និង ខេត្តព្រះសីហនុផងដែរ។

មកដល់ពេលនេះ ចិនបានផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់នៅកម្ពុជាមានចំនួន២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ សាងសង់ស្ពានរួចរាល់ចំនួន ៩ស្ពាន ប្រវែង៨៥៦៥ម៉ែត្រ។

ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ ហើយថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here