ដោយៈសុខុម
អន្តរជាតិ: ខណៈការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បានធ្វើឱ្យតម្លៃរូបិយប័ណ្ណរុស្ស៊ីRuble ដាំក្បាលចុះខ្លាំង និងធ្វើឱ្យទីផ្សារភាគហ៊ុនឈានដល់ការបិទទ្វារ ពួកអ្នកមានរុស្ស៊ី កំពុងសម្រុកទិញគ្រឿងអលង្ការ និងនាឡិកាប្រណីតៗ ដើម្បីទុកបង្ការការខាតបង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី០២ មីនា។
នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងអលង្ការល្បីរបស់អ៉ីតាលី Bulgari SpA បានអះអាងថា ការលក់របស់ក្រុមហ៊ុនលោកនៅតាមហាង Bulgari SpA ក្នុងប្រទេសរុស្ស៊ី បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការឆ្លើយតបរបស់អន្តរជាតិ ចំពោះការបញ្ឆេះសង្គ្រាមដោយរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានរឹតបន្តឹងយ៉ាងខ្លាំងលើការធ្វើចរាចរសាច់ប្រាក់។
ទោះបីជាប៊្រែនទំនិញប្រើប្រាស់ល្បីៗ រាប់ចាប់ពីក្រុមហ៊ុន Apple Inc. ដល់ក្រុមហ៊ុន Nike Inc. និងក្រុមហ៊ុនថាមពលធំៗ ដូចជា ក្រុមហ៊ុន BP Plc ក្រុមហ៊ុន Shell Plc និង ក្រុមហ៊ុន Exxon Mobil Corp ជាដើមបានសម្រុកចាកចេញពីប្រទេសរុស្ស៊ី យ៉ាងណាក្ដី ក៏រហូតមកដល់ពេលនេះប៊្រែនប្រណីតធំៗបំផុតរបស់អឺរ៉ុប កំពុងព្យាយាមបន្តដំណើរការ នៅក្នុងប្រទេសនេះ។
ក្រៅពី Bulgari ដែលជាប៊្រែនមួយរបស់ LVMH SE ក៏មានប៊្រែនបារាំង Cartier ដែលកំពុងបើកលក់គ្រឿងអលង្ការ និងនាឡិកាប្រណីតៗដូចជានាឡិកា Omega និង Rolex ជាដើមផងដែរ។
ស្រដៀងនឹងមាសដែរ ក្នុងករណីមានអតិផរណាកើតឡើង នាឡិកា និងគ្រឿងអលង្ការប្រណីតៗ អាចទប់ការខាតបង់ធ្ងន់ធ្ងរ ដោយវាអាចរក្សាតម្លៃ ឬសូម្បីកើនឡើងតម្លៃទៀតផង នៅពេលមានចលាចលសេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាម និងជម្លោះ។
អ្នកជំនាញនិយាយថា នាឡិកាល្បីៗពេញនិយម អាចលក់នៅលើទីផ្សារបានតម្លៃខ្ពស់ដល់ទៅ៣ ឬ៤ដង នៃតម្លៃដើមទៀតផង ទើបបានជាពួកអ្នកមានរុស្ស៊ី សម្រុកទិញវាទុកដើម្បីបង្ការហានិភ័យ៕ Aljazeera៕