EU អនុម័តថវិកាជាង១៧២លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍វិស័យសំខាន់បីនៅកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ សហភាពអឺរ៉ុបបានអនុម័ត នូវកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មី សម្រាប់ឆ្នាំ២០២១-២០២៧ ដល់កម្ពុជាដោយផ្តោតសំខាន់លើវិស័យអាទិភាពចំនួនបី ក្នុងទំហំប្រមាណ១៧២លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលដំបូងឆ្នាំ២០២១-២០២៤។

នៅក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងបឋមនៃយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ឆ្នាំ២០២១-២០២៧ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មី ឆ្នាំ២០២១-២០២៧ ជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ត. ជ.នា/ ក.អ.ក) លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបញ្ជាក់ថា កម្មវិធីណែនាំពហុឆ្នាំនេះ ត្រូវបានគណះកម្មាធិការអឺរ៉ុបអនុម័តនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

លោកស្រីបន្តថា “កញ្ចប់ហិរញ្ញប្បទាន ឥតសំណងដែលគណៈកម្មាធិការអឺរ៉ុបបានសម្រេចផ្ដល់ សម្រាប់អនុវត្តកម្មវិធីណែនាំពហុឆ្នាំនេះ មានទំហំប្រមាណ១៥៥លានអឺរ៉ូ ប្រមាណ១៧២លានដុល្លារអាមេរិក សម្រាប់ដំណា​ក់កាលដំបូងឆ្នាំ ២០២១-២០២៤”។

កម្មវិធីណែនាំពហុឆ្នាំនេះ ជាឧបករណ៍ប្រតិបត្តិរវាងសហភាពអឺរ៉ុប និង រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា និងបានគ្រោងផ្តល់ការគាំទ្រដល់វិស័យអាទិភាពចំនួន៣ រួមមាន កំណើនបៃតង និងការងារ ក្នុងទំហំទឹកប្រាក់ចំនួន ៦២ លានអឺរ៉ូ វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់ចំនួន៤៨លានអឺរ៉ូ វិស័យអភិបាលកិច្ច ក្នុងទំហំទឹកប្រាក់ចំនួន៣៧ លានអឺរ៉ូ។

លើសពីនេះ សហភាពអឺរ៉ុបក៏បានត្រៀមធនធាន៨លានអឺរ៉ូ សម្រាប់គាំទ្រដល់ការរៀបចំ និងអនុវត្តគម្រោង ឬសកម្មភាពនានា ក្នុងវិស័យអាទិភាពទាំងបីខាងលើ។

ដោយឡែក សម្រាប់ការអនុវត្តនៅដំណាក់កាលបន្ទាប់ឆ្នាំ ២០២៥-២០២៧ នឹងមានការផ្តល់ហិរញ្ញប្បទានបន្ថែម ដោយផ្អែកលើការវាយតម្លៃនៃការអនុវត្តឆ្នាំ២០២១-២០២៤។

ទន្ទឹមនឹងនេះ សម្រាប់ការផ្តល់ហិរញ្ញប្បទាន នៅដំណាក់កាលបន្ទាប់ លោករដ្ឋមន្ត្រីប្រតិភូ បានស្នើសហភាពអឺរ៉ុប ពិនិត្យផ្តល់ការគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាអាទិភាពចម្បងមួយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ភាគីអឺរ៉ុបគ្រោងនឹងស្នើសុំរៀបចំកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអឺរ៉ុប រួមទាំងប្រទេសជាសមាជិក ក្នុងកំឡុងខែមេសាខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាលើយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ។

ភាគីទាំងពីរបានបង្ហាញជំហរយ៉ាងមុតមាំ និងសង្ឃឹមជឿជាក់ថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កម្ពុជា-សហភាពអឺរ៉ុប នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here