ដោយ: ម៉ាលីស
ព្រះសីហនុ: នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្នុងកិច្ចពិភាក្សាការងារ និងជួបសំដែងការគួរសម រវាង លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកស្រីបណ្ឌិតបានលើកឡើងពីគោលបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា។
ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនលោស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌា ពីសក្តានុពលខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមនោះរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់មានដូចជាកំពង់ផែសមុទ្រទឹកជ្រៅ។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីកផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ។
ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់ពីរាជ ធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែ៧ ឆ្នាំ២០២២ ខាងមុខនេះ។
កន្លងមកខេត្តព្រះសីហនុ ទទួលនាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋឥណ្ឌាចូលចតជាបន្តបន្ទាប់មានចំនួន ១១លើក ស្មើនឹង១៦គ្រឿង។ ខេត្តព្រះសីហនុមានកោះ៣២ ឆ្នេរខ្សាច់ប្រវែង១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយឆ្នេរ ជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ និងការវិនិយោគ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យលោកស្រីជួយផ្សព្វផ្សាយ និងជំរុញអ្នកទេសចរ និងអ្នកវិនិយោគឥណ្ឌាមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន។
លោកស្រីឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណលោកអភិបាល ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានស្វែងយល់ អំពីសក្តានុពល និងការអភិវឌ្ឍរីកចំរើនក្នុងខេត្តព្រះសីហនុផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។
លោកស្រី ក៏បានលើកឡើងពីការពិភាក្សាដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន(Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌាផងដែរ។ លោកស្រីក៏បានណែនាំអំពីគម្រោងហិរញ្ញប្បទានលើទឹកប្រាក់ចំនួន $50,000 ដែលផ្តល់ដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាពិសេសផ្តោតលើការសាងសង់បន្ទប់ទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡា។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា៖ Logistic and Shipping, Medical and Health Care, IT, Education ជាដើម។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងគាំទ្រនូវគម្រោងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ដោយឯកឧត្តមបានចាត់ក្រុមការងាររបស់រដ្ឋបាលខេត្ត ចូលរួមសហការជាមួយស្ថានទូតសាធារដ្ឋឥណ្ឌាដើម្បីបំពេញកិច្ចការខាងលើឱ្យបានជោគជ័យ និងសំនូមពរដល់ស្រីឯកអគ្គរដ្ឋទូត ជួយជម្រុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌា ឱ្យមកបណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ នៅខេត្តព្រះសីហនុផងដែរ៕