ដោយ: វឌ្ឍនៈ
ភ្នំពេញ ៖ ផ្លូវ៥១ជាតំបន់ដែលកំពុងទទួលបានការអភិវឌ្ឍលើលំនៅឋានដ៏មានសក្ដានុពល ខណៈប៉ុន្មានឆ្នាំមុនតំបន់តាមបណ្ដោយផ្លូវនេះ ជាតំបន់ដែលទាក់ទាញលើការអភិវឌ្ឍដីឡូត៏ ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើន ក្នុងការលកជូនប្រជាពលរដ្ឋដែលមានចំណូលទាបនិងមធ្យម ។
លោក ផូន សុអុនដែន ប្រធានផ្នែកលក់នៃក្រុមហ៊ុន ខេអេចលែន ដែលបានអភិវឌ្ឍអចលនទ្រព្យនៅតំបន់ផ្លូវ៥១ផងដែរនោះ ក៏បានឱ្យដឹងថា ផ្លូវ៥១នៅពេលបច្ចុប្បន្ននេះ គឺប្រៀបដូចនឹងមហាវិថីឈ្នះឈ្នះកាលពីប៉ុន្មានឆ្នាំមុនដែរ។
លោកថា រោងចក្រឧស្សាហកម្មនៅជិតៗក្រុងឬក្នុងក្រុងក៏បានផ្លាស់ប្តូរទីតាំងមកកាន់តំបន់ផ្លូវ៥១ជាបន្តបន្ទាប់ហើយផងដែរ ដូច្នេះមិនយូរមិនឆាប់តំបន់ផ្លូវ៥១នឹងកាន់តែមានសក្ដានុពលទៅលើឧស្សាហកម្ម។ នៅពេលឧស្សាហកម្មរីកចម្រើន ទាមទារឱ្យមានមនុស្សមករស់នៅធ្វើការនៅតំបន់នោះ ពេលនោះហើយដែលតម្រូវការលំនៅឋានមានកំណើនកាន់តែខ្ពស់។
លោកបន្តថា ការអភិវឌ្ឍលំនៅឋាននៅក្នុងតំបន់ផ្លូវ៥១ នាពេលបច្ចុប្បន្ននេះ មានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលមកពីបណ្ដាខេត្តនិងកំពុងធ្វើការនិងរស់នៅក្នុងរាជធានីភ្នំពេញតែមិនទាន់មានលំនៅឋានអចិន្ត្រៃយ៍មួយស្នាក់នៅ។ ការអភិវឌ្ឍទាំងដីឡូតិ៍និងលំនៅឋាននៅក្នុងតំបន់ផ្លូវ៥១ជាការអភិវឌ្ឍសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ។
លោកក៏បានបញ្ជាក់ផងដែរពីតម្លៃអចលនទ្រព្យដីធ្លី និងលំនៅឋានក្នុងតំបន់ផ្លូវ៥១ សមនឹងលទ្ធភាពរបស់ពលរដ្ឋក្នុងនោះដីឡូតិ៍អាចដាក់ក្នុងតម្លៃពី៥ពាន់ដុល្លារដល់ ២៥.០០០ដុល្លារក្នុងមួយឡូតិ៍ ហើយផ្ទះអាចលក់ក្នុងចន្លោះពីតម្លៃ ១៦.០០០ដុល្លារទៅក្រោម៥ម៉ឺនដុល្លារអាមេរិក។
លោក សុអុនដែន បានបញ្ជាក់បន្ថែមថា ពលរដ្ឋឬវិនិយោគិនអចលនទ្រព្យអាចចាប់យកឱកាសក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់នេះក្នុងពេលបច្ចុប្បន្ននឹងអាចទទួលបានប្រាក់ចំណេញនិងអត្ថប្រយោជន៍មកវិញនៅរយៈពេល២ឬ៣ឆ្នាំខាងមុខ ជាពិសេសនឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកក្រុងភ្នំពេញដែលមានអង្កត់ផ្ចិត១០០គីឡូម៉ែត្រការ៉េ។
លោកថា ”បើយើងចង់ដល់តំបន់ផ្លូវ៥១ទទួលបានការរីកចម្រើននិងអភិវឌ្ឍ នោះអ្វីៗនឹងហួសពេល តម្លៃឡើងថ្លៃ ហើយវានឹងពិបាកឡើងបន្តទៀតណាស់”។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍតំបន់ជាយរាជធានីភ្នំពេញ មានសក្ដានុពលដូចគ្នា គ្រាន់តែសក្ដានុពលនីមួយៗ ខុសទៅតាមតំបន់។
លោកបញ្ជាក់ថា តំបន់ប៉ែកខាងលិចដូចជាទៅផ្លូវ៥១ ត្រូវនឹងការអភិវឌ្ឍទៅលើដីធ្លី និងឧស្សាហកម្ម ដោយសារតែមានផ្លូវស្រួលក្នុងការដឹកជញ្ជូនទំនិញ ចេញចូល និងជាតំបន់ទូលាយនិងអាចអភិវឌ្ឍន៍យកប្រាក់ចំណេញបានខ្ពស់៕